រកឃើញជនជាតិវៀតណាម០៥នាក់ ព្រមទាំងដកហួតបានសម្ភារមួយចំនួនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (ONLINE SCAMS) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ

ក្នុងប្រតិបត្តិការចុះត្រួត ពិនិត្យទីតាំង អគារ ខុន ដូរ អាផាតមិន បុរី ផ្ទះសំណាក់និងសណ្ឋាគារ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញជនជាតិវៀតណាម ០៥នាក់ព្រមទាំងដកហួតបានសម្ភារមួយចំនួនសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា  (ONLINE SCAMS) ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី០៩ កក្កដានេះថា៖ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ម្សិលម៉ិញនេះ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យ តាមទីតាំង អគារ ខុន ដូរ អាផាត មិនបុរី ផ្ទះសំណាក់និ ងសណ្ឋាគារ មួយចំនួន ក្នុងគោលដៅ ប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLIN E SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងខាងលើរបស់គណៈបញ្ជាការឯកភាពបានធ្វើការត្រួតពិនិត្យទីតាំងសរុបចំនួន៨៨ទីតាំងរកឃើញជនបរទេសស្នាក់នៅសរុបចំនួន២៥២នាក់ (ស្រី ៨៤នាក់ ) មានលិខិតឆ្លងដែនត្រឹមត្រូវ។

ក្នុងនោះក្រុមការងារបានចុះពិនិត្យនៅខុដូរ R&F អគារ A-5 ជាន់ទី២៧ បន្ទប់លេខ ២៧០៨ ស្ថិតនៅផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ដោយបានរកឃើញជនបរទេសស្នាក់នៅ

ចំនួន ០៥នាក់ ជាជនជាតិវៀតណាម និងសម្ភាររួមមាន៖ កុំព្យូទ័រយួរដៃចំនួន ០៥គ្រឿង ទូរស័ព្ទដៃ ចំនួន ១៨គ្រឿង ក្នុងនោះទូរស័ព្ទដៃផ្ទាល់ខ្លូនចំនួន ០៦គ្រឿង។

លោកស្រី ដោ សម្ផស្ស ក៏បានបញ្ជាក់ថា៖ តាមការសន្និដ្ឋានបឋម ករណីខាងលើនេះសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យ និងវត្ថុត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ និងបានបិទឃ្លុំ បន្ទប់នោះបណ្តោះអាសន្ន៕