ភ្នំពេញ ៖ យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួនជាង ៦៣០ ពាន់តោន (៦៣៩ ៣១៩) នៅក្នុងរយៈពេល ៦ ខែ ២០២៦ ទៅកាន់គោលដៅចំនួន ៦៤ គោលដៅ ដែលសម្រេចបានទំហំទឹកប្រាក់ ៣៦៧ លានដុល្លារ។
CRF បញ្ជាក់ថា នៅក្នុងរយៈពេល៦ខែ ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣៩ ៣១៩ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ទៅកាន់គោលដៅចំនួន ៦៤ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣២ បានបរិមាណអង្ករចំនួន ១៧៨ ៨២៨ តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣ លានដុល្លារ, ទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៧០ ៤៨៣ តោន គិតជាទឹកប្រាក់ចំនួន ៩៩,៦៧ លានដុល្លារ, ប្រទេសក្នុងអាស៊ានចំនួន ៥ ប្រទេសបានបរិមាណចំនួន ២២៨ ៧៨០ តោន គិតជាទឹកប្រាក់ចំនួន ៩៨,៩០ លានដុល្លារ និងទៅកាន់គោលដៅ ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន បានចំនួន ៥១ ២២៨ តោន គិតជាទឹកប្រាក់ចំនួន ៤០៦.៨០ លានដុល្លារ។
លោកឧកញ៉ាបណ្ឌិត ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា(CRF) មានប្រសាសន៍ថា ទីផ្សារអង្ករកម្ពុជា មានការគាំទ្រពីសហគមន៍អឺរ៉ុប ចិន ម៉ាឡេស៊ី ខណៈមានកំណើននាំចូលទៅហ្វីលីពីនបានប្រមាណ ៧ ម៉ឺនតោន។
ឧកញ៉ា ឡាយ ឈុនហួរ បន្ថែមថា នៅឆ្នាំ ២០២៥ និង២០២៦ ដោយសារតែមានទឹកគ្រប់គ្រាន់ កសិករបានបង្កើនការដាំដុះ និងសមត្ថភាពសម្ងួត រួមទាំងការគាំទ្ររបស់រាជ្ឋាភិបាល និងទីផ្សារអន្តរជាតិ បានធ្វើឱ្យការនាំចេញស្រូវ អង្ករ មានការកើនឡើង។
របាយការណ៍របស់ CRF បង្ហាញថា ប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៩.៨១% ប្រភេទអង្ករសគ្រាប់វែង ២២.៥៨% អង្ករចំហុយ ១.៨២% អង្ករសរីរាង្គចំនួន ១.២៤% អង្ករបាក់គ្រប់ប្រភេទ ១៤.៣៥% និងអង្ករផ្សេងៗចំនួន ០.២%។
ដោយឡែក ចំពោះការនាំចេញស្រូវ ទៅប្រទេសជិតខាងសម្រេចបាន ៣ ១៧៦ ៥៥៦ តោន គិតជាទឹកប្រាក់ជាង ៧១៣ លានដុល្លារ៕







