អាជ្ញាធររាជធានីភ្នំពេញ បន្តអនុវត្តជាប្រចាំក្នុងការបាញ់ថ្នាំសម្លាប់មូសខ្លានៅតាមមូលដ្ឋាន ក្នុងគោលដៅលើកកម្ពស់សុខមាភាព របស់ប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់ជំងឺគ្រុនឈាម

ភ្នំពេញ ៖ ដោយមានកិច្ចសហការរវាងអាជ្ញាធរខណ្ឌ ជាមួយនឹងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងការបន្តបាញ់ថ្នាំសម្លាប់មូសខ្លា នៅតាមមូលដ្ឋាន ខណ្ឌនានា នៅរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសការលុបបំបាត់ជំងឺគ្រុនឈាន ខណៈជំងឺនេះ នៅតែ ជាបញ្ហាប្រឈមនារដូវវស្សានេះ ស្របគ្នាទៅនឹងសេចក្តីណែនាំក្រើនរំលឹក ស្តីពីការបង្ការជំងឺគ្រុនឈាម ក្នុងរដូវវស្សា និងការបញ្ជូនអ្នកជំងឺមកព្យាបាល នៅមន្ទីរពេទ្យឱ្យទាន់ពេលវេលា របស់ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ផងដែរ ។

គូសបញ្ជាក់ថា យោងតាមរយៈក្រសួងសុខាភិបាលបានក្រើនរំលឹកថា ក្នុងអំឡុងពេលរដូវវស្សា ជាទូទៅធ្វើឱ្យមាន ការកើន ឡើង វត្ថុដក់ទឹកដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជា កំពុងទទួលឥទ្ធិពល នៃបាតុ ភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើង នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពនេះ អាចធ្វើឱ្យមានការកើនឡើងចំនួនមូសខ្លា និងជំងឺគ្រុនឈាម ដែលទាមទារឱ្យមានការចូលរួម យ៉ាងសកម្មពីបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍។ តាមការសិក្សាស្រាវជ្រាវ សត្វមូសខ្លាចូលចិត្តរស់នៅកន្លែងទឹកដក់ នៅក្នុងវត្ថុដក់ទឹក ដូចជា សំបកកង់ ឡាន/កង់ម៉ូតូទុកចោលពាសវាលពាសកាល ត្រឡោកដូង កែវ ចានជ័រ/ស្ងោរ ក្រឡដែលបោះបង់ចោល ពាង អាង ធុងដាក់ទឹក ទឹកថូផ្កា ចានទ្រជើងតុ ទូ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជំរកសត្វមូសខ្លា។ សត្វមូសខ្លា ចូលចិត្តសំងំលាក់ខ្លួននៅក្នុងទីកន្លែងងងឹតៗ ឬមិនសូវមានពន្លឺថ្ងៃចូលដល់។

” យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម”