ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ ចំនួនប្រមាណ ៥០០ខ្នងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញស្ថិតក្នុងភូមិស្រះកែវ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ២៥០ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី និងសាលារៀនបណ្តោះអាសន្នជាដើម។
សូមជម្រាបថា ការសាងសង់ផ្ទះបណ្តោះអាសន្ន គឺជាយុទ្ធសាស្រ្តនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលមិនទុកបងប្អូនប្រជាពលរដ្ឋភៀសសឹករងការខូចខាតលំនៅឋានជួបការលំបាកឡើយ ពោលបូករួមជាមួយការគិតគូរឧបត្ថម្ភគាំទ្រដល់ជីវភាពរស់នៅ និងដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋភៀសសឹកមានកន្លែងស្នាក់នៅសមរម្យ ប្រកបដោយសុវត្ថិភាព និងសុខុមាលភាពបំផុត៕







