ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល

នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សមាជិក សមាជិការាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុមប្រឹក្សាសាលា គណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១,៩០០អង្គ/នាក់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រារព្ធពិធីនេះតែងតែប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ រៀបចំឡើងដោយសាលាភូមិន្ទរដ្ឋបាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលគាំទ្រវិស័យមុខងារសាធា រណៈឈានមុខ និងដែលបានកំពុងបំពេញតួនាទីយ៉ាងសកម្ម ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួង-ស្ថាប័ននៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ សមិទ្ធផលគួរជាទីមោទនៈដែលសាលាភូមិន្ទរដ្ឋបាលសម្រេចបាន គិតចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ គឺសាលាភូមិន្ទរដ្ឋបាលបានបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់  សិស្សមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាមន្ត្រីគ្រប់គ្រងរដ្ឋបាល កម្មសិក្សាការីមន្ត្រីមធ្យម និងកម្មសិក្សាការីមន្ត្រីក្រមការ ដែលជាមន្ត្រីរាជការនៃរាជរដ្ឋាភិបាលកម្ពុជាសរុបចំនួន ៣.៨០៩៥នាក់ នារីចំនួន ៨៨៤២នាក់ ក្នុងវគ្គបណ្តុះ បណ្តាលរយៈពេលវែង និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។ សម្រាប់ឆ្នាំ២០២៦នេះ សាលាភូមិន្ទរដ្ឋបាលបាននិងកំពុងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យមសរុបចំនួន ៧៤៦នាក់ នារីចំនួន ១៤៣នាក់។ សមិទ្ធផលទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីផលវិជ្ជមាននិងដំណើរបន្តឆ្ពោះទៅមុខ នៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ និងបានបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រនិងជ្រោមជ្រែងដល់ការអភិវឌ្ឍសមត្ថភាព មន្ត្រីរាជការក្នុងមុខតំណែងដឹកនាំ និងគ្រប់គ្រងអង្គភាពនៅគ្រប់កម្រិត។

សម្រាប់ជ័យលាភីដែលត្រូវទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រឆ្នាំ២០២៥ នារសៀលនេះ មានចំនួនសរុប ៩៤៤អង្គ/នាក់ (នារី ១៨៥នាក់ ព្រះសង្ឃ ២០អង្គ) ចែកចេញជាសិស្សមន្ត្រីក្រមការចំនួន ១៨០នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ចំនួន ១៣៤អង្គ/នាក់ និងកម្មសិក្សាការីមន្ត្រីមធ្យមចំនួន ៦១៦អង្គ/នាក់ ៕