ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សាសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នាអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិ

រាជធានីភ្នំពេញ: នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលាពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦- ២០២៧ នៅអគ្គាធិការដ្ឋាននៃពុទ្ធិកសិក្សាជាតិក្រសួងធម្មការនិងសាសនា។

ពិធីនេះ មានការយាងចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ និងជាព្រះអគ្គធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គធិការរង ព្រះអគ្គាធិការរង ព្រះសាកលវិទ្យាធិការរង ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងសិក្ខាកាមចូលរួមប្រមាណ ៦៤ អង្គ/នាក់ ដែលនិមន្តនិងអញ្ជើញមកពីរាជធានី-ខេត្ត និងផ្នែកជំនាញចំណុះអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។

នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមាប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះព្រះសិក្ខាកាមនិងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀន សូត្រ នូវគ្រប់មុខវិជ្ជា ទទួលបានកំណើននៃបំណិន​ បទពិសោធន៍ ចំណេះដឹងថ្មីៗ ចំណេះធ្វើពិត​ប្រាកដ ម្យ៉ាងទៀត បានជួយជំរុញដំណើរការបណ្តុះបណ្តាលអភិវឌ្ឍវិស័យពុទ្ធិកសិក្សា នៅក្នុងអគ្គាធិការរដ្ឋានពុទ្ធិកសិក្សាជាតិ ឱ្យរិតតែមានភាពរីកចម្រើន   ឈានឆ្ពោះទៅផលិតបាននូវធនធានមនុស្សមានគុណភាពស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងអស់ រយៈពេល ៣ ថ្ងៃ រហូតបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយ ជោគជ័យ។


រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជារបៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២៥   ឆ្នាំខាងមុខ។ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ មានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យក អាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ដោយនេះក៏ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឲ្យកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវកាលានុវត្តភាព លទ្ធភាពដល់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ពង្រឹងនិងពង្រីកវិស័យពុទ្ធិកសិក្សាពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តម និងក្រោយឧត្តម ស្របតាមគោលនយោបាយ នៅក្នុង យុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ ។

ដោយឡែកសម្រាប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារ មាតុភូមិឆ្នាំ២០២៣-២០២៨ក៍បានចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ
១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើងក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្តានុពលគ្រប់សាសនា ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ អធិបតេយ្យភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។

ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលខាងលើ ឯកឧត្តម រដ្ឋមន្រ្តី បានចូលរួមផ្តល់

នូវទស្សនាទានមួយចំនួន ដូចខាងក្រោម
១.ចំណេះដឹងដែលនៅលើក្រដាស ឬក្នុងមេម៉ូរីកុំព្យូទ័រ មិនអាចកែប្រែគុណភាពសមណសិស្ស និងសិស្សបានឡើយ ដូច្នេះ សូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាម  ទាំងអស់ ត្រូវយកវិធីសាស្ត្របង្រៀនបែបសកម្ម និងកិច្ចតែងការថ្មីៗ ទៅសាកល្បងនៅក្នុងថ្នាក់រៀនជាក់ស្តែង ទន្ទឹមនឹងនេះ ត្រូវចេះកែច្នៃបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃសាលារៀន និងកម្រិតយល់ដឹងរបស់សមណសិស្ស សិស្សម្នាក់ៗ ដោយមិនត្រូវរឹងត្អឹងនោះឡើយ។
២. ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងសង្គមឌីជីថល គ្រូបង្រៀនមិនអាចដើរក្រោយសមនសិស្ស និងសិស្សផ្នែកបច្ចេកវិទ្យាបានទេ ដូច្នេះ សូមលើកទឹកចិត្តឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់ បន្តប្រើប្រាស់ឧបករណ៍ឌីជីថល (ដូចជា ការបង្កើតស្លាយ ទស្សនាវីដេអូអប់រំ ឬកម្មវិធីគ្រប់គ្រងថ្នាក់រៀន) ឱ្យបានជាប្រចាំ ដើម្បីធ្វើឱ្យថ្នាក់រៀនមានភាពរស់រវើក ទំនើប និងទាក់ទាញសមណសិស្ស សិស្សឱ្យចង់មករៀន។
៣.ភាពខ្លាំងរបស់គ្រូម្នាក់ឯង មិនអាចទាញសាលារៀនទាំងមូលឱ្យរីកចម្រើនបានឡើយ ដូច្នេះសូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះ      បណ្តាលនេះ នាំយកចំណេះដឹង និងបច្ចេកទេសល្អៗ ទៅចែករំលែកបន្តដល់សហការី លោកគ្រូ-អ្នកគ្រូដទៃទៀតនៅក្នុងសាលាពុទ្ធិករសិក្សា ដើម្បីភាពរីកចម្រើនទៅមុខជាមួយគ្នា។
៤. គ្រូបង្រៀនល្អ មិនមែនផ្ទេរតែចំណេះដឹងផ្នែកអក្សរសាស្ត្រ ឬលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលសីលធម៌ គុណធម៌ និងសុជីវធម៌ដល់សមណសិស្ស និងសិស្សគ្រប់រូបផងដែរ។
៥. ការអប់រំ និងចំណេះដឹងសកល មានការប្រែប្រួលជារៀងរាល់ថ្ងៃ ដូច្នេះសូមឱ្យព្រះសិក្ខាកាម និងសិក្ខាកាមទាំងអស់ កុំពេញចិត្តនឹងកម្រិតចំណេះដឹងដែលមានស្រាប់ ត្រូវបន្ត ស្រាវជ្រាវ បង្កើនចំណេះដឹងថ្មីៗ និងចូលរួមវគ្គបំប៉ននានាជាប់ជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នភាពសមត្ថភាពខ្លួនឯងឱ្យក្លាយជា «មូលធនមនុស្ស» ដ៏រឹងមាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
៦)បន្តពង្រឹងគុណភាពវិស័យពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា តាមរយៈការលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឲ្យឆ្លើយតបទៅនឹងបច្ចេកវិទ្យា ជាពិសេស គឺបច្ចេកវិទ្យាបរិវត្តកម្មឌីជីថល និងនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័សទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។

នាឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមថ្វាយព្រះពរ ប្រគេនពរ និងជូនពរ ដល់សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ     ឯកឧត្តម លោក ជំទាវ គ្រូឧទ្ទេស លោក លោកស្រី សិក្ខាកាម និងអង្គពិធីទាំងមូល សូមប្រកបដោយ ឧត្តម ពរ ៤ប្រការ គឺអាយុវណ្ណៈ សុខៈ និងពលៈ  កុំបីប្រែក្លាយទៅជាបការៈដទៃ ឡើយ