ថវិការបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូន គ្រួសារមានសមាជិកទទួលមរណភាព ១៤គ្រួសារ នៅឃុំរកាកោងទី២ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារ នាំយកថវិកាចូលរួមរំលែកទុក្ខជាមួយគ្រួសារ ដែលមានសមាជិកទទួលមរណភាពចំនួន ១៤គ្រួសារ នៅឃុំរកាកោងទី២ និងឃុំព្រែកដំបង ស្ថិតក្នុងឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល និងបានប្រគេនបច្ច័យចំនួន ១លានរៀល ដល់ចៅអធិការវត្តមហានិគ្រោច ហៅវត្តចាស់ សម្រាប់ចាត់ចែងតាមការគួរ។
ជាមួយគ្នានេះ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ លោក លឹម លីន ជំនួយការផ្ទាល់របស់ឯកឧត្តម ហាស់ វ៉ារី បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកា ជូនគ្រួសារដែលមានសមាជិកទទួលមរណភាពជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ ក្នុងនោះរាល់ការខ្វះខាតនៅក្នុងមូលដ្ឋាន ឃុំរកាកោងទី២ ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល ក៏សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែជួយគ្រប់ពេលវេលាផងដែរ។
លោក លឹម លីន បានបន្ថែមថា ឯកឧត្តម ហាស់ វ៉ារី ក្រៅពីការជួយដល់សមាជិកគ្រួសារដែលមានសមាជិកទទួលមរណភាពហើយនោះ លោកក៏តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះប្រគល់ដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន ឃុំរកាកោងទី២ មានដូចជា៖ អង្គរ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ទឹកដោះគោ តែ ថវិកា និងសម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។
លោកបានបញ្ជាក់ដែរថា កន្លងមកឱ្យតែមានប្រជាពលរដ្ឋ ទទួលមរណភាព សម្ដេចទាំងទ្វេតែងតែបានចូលរួម រំលែកទុក្ខ ក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដែលមានក្រុមការងាររបស់ឯកឧត្តម ហាស់ វ៉ារី ដើម្បីនាំយកថវិការបស់សម្ដេច ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព។
សូមបញ្ជាក់ដែរថា ក្នុងឱកាសប្រគល់ថវិការបស់សម្តេចតេជោ ជូនគ្រួសារមានសមាជិកទទួលមរណភាព ១៤គ្រួសារនេះ មាន ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកា ១៥ម៉ឺនរៀល, មួយគ្រួសារទទួលបានក្តាមជ្ឃូស ១ និងថវិកា ១៥ម៉ឺនរៀល និងមួយគ្រួសារទៀត ទទួលបានក្តាមជ្ឃូស ១ អង្ករ ១មេ ទឹកសុទ្ធ ២០យួរ និងថវិកា ១៥ម៉ឺនរៀល និងគេនបច្ច័យចំនួន ១លានរៀល ដល់ចៅអធិការវត្តមហានិគ្រោច ហៅវត្តចាស់ សរុបថវិកាអស់ ៣ ៨៧០ ០០០រៀល។
នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ១៤គ្រួសារ បានគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរឯកឧត្តម ហាស់ វ៉ារី លោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួប តែសេក្ដីសុខ និងសេចក្ដីចម្រើនផងដែរ៕






