ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងសាលាធម្មសភា (សាលាឥទ្ធិបាទ) វត្តត្នោត ស្រុកបាទី

ខេត្តតាកែវ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន  និងលោកជំទាវ  ឆាយ  សាលីន  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាកសាងសាលាធម្មសភា (សាលាឥទ្ធិបាទ) ក្នុងវត្តត្នោត ឋិតក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ដោយមើលឃើញពីសាលាធម្មសភាចាស់ដែលធ្វើពីឈើមានសភាពទ្រុឌទ្រោមតាមកាលសម័យ គណៈកម្មការវត្តបានចាប់ផ្តើមពិភាក្សា និងរៀបចំគម្រោងសាងសង់ថ្មីចាប់តាំងពីឆ្នាំ ២០១៦។ ក្នុងឆ្នាំ ២០១៩ វត្តបានចាប់ផ្តើមប្រមូលបច្ច័យ និងធនធានចាំបាច់។ លុះដល់ឆ្នាំ ២០២២ ការសិក្សាពីរចនាបទបានចាប់ផ្តើម ដោយយកលំនាំតាមស្ថាបត្យកម្មខ្មែរដ៏វិសេសវិសាល រួមមានប្រាសាទភិមានអាកាស និងប្រាសាទអង្គរតូច ដើម្បីឱ្យសាលានេះក្លាយជាសំណង់ដែលផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនា និងអត្តសញ្ញាណជាតិ។

គម្រោងដ៏ធំនេះមានការសិក្សាលម្អិតតាមដំណាក់កាលបច្ចេកទេសយ៉ាងត្រឹមត្រូវ រួមមាន៖

ការគូរប្លង់ស្ថាបត្យកម្ម ការធ្វើតេស្តដី និងការសិក្សាគ្រឿងបង្គំសំណង់។គម្រោងទាំងមូលគ្រោងប្រើប្រាស់ថវិកាប្រមាណ ១,៦ លានដុល្លារអាមេរិក។ គម្រោងនេះគ្រោងនឹងប្រើរយៈពេលសាងសង់ចំនួន ១២ ឆ្នាំ។

សាលាធម្មសភានេះមានទំហំបណ្តោយ ៥០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ និងកម្ពស់ ៣៣ ម៉ែត្រ ដោយបែងចែកជា ៣ ជាន់៖

ជាន់ផ្ទាល់ដី៖ សាលាបាលី សាលាទទួលភ្ញៀវ និងឃ្លាំងដាក់សម្ភារៈ។

ជាន់ទី១៖ ពុទ្ធស្ថាន (តម្កល់ព្រះពុទ្ធរូបផ្ទុំប្រវែង ១២ ម៉ែត្រ កសាងពីស្ពាន់) និងជាឧបដ្ឋានសាលា។

ជាន់ទី២៖ សារមន្ទីរ

ជាន់ទី៣៖ ពុទ្ធស្ថានព្រះអង្គធំ។

បន្ទាប់ពីប្រារព្ធកិច្ចតាមគន្លងប្រពៃណីពុទ្ធសាសនា និងស្តាប់របាយការណ៍ សាវតានៃការកសាងសាលធម្មសភារបស់ព្រះចៅអធិការវត្តត្នោត និងរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុកបាទីរួចមក

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានសម្តែងនូវការកោតសរសើរចំពោះទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមសាមគ្គីគ្នាក្នុងការកសាងសមិទ្ធផលក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ឯកឧត្តម បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃសីលធម៌សង្គម ការកសាងសាលាធម្មសភា (សាលាឥទ្ធិបាទ) ក្នុងវត្តត្នោត គឺជាសមិទ្ធផលដ៏ធំធេងមួយដែលកើតចេញពីសទ្ធាជ្រះថ្លា និងការរួបរួមគ្នាជាធ្លុងមួយរបស់ពុទ្ធបរិស័ទ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា សាលាបាលីជាន់ខ្ពស់ ឬសាលាសិក្សាភាសាបាលី ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩១៤ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ និង ក្រោមអាណាព្យាបាលបារាំង។ ក្រោយមក នៅឆ្នាំ១៩៤៣ សាលានេះត្រូវបានប្តូរ ឈ្មោះទៅជា «ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត»។

ដោយឡែកចំពោះខេត្តតាកែវ មានសាលាសិក្សាភាសាបាលី ដែលល្បីៗ មួយចំនួន ទី១ គឺសាលាពុទ្ធិកវិទ្យាល័យសម្តេចអគ្គមហាធម្មពោធិសាល ជាស៊ីម និងទី២ សាលាពុទ្ធិក សាលាបឋមសិក្សាវត្តប្រាសាទនាងខ្មៅ។ហើយឥលូវនេះ យើងបានរួមគ្នាសាងសង់ សាលាធម្មសភា ឥទ្ធិបាទ មួយបន្ថែមទៀត ក្នុងគោលបំណងដើម្បីទុកជាមជ្ឈមណ្ឌលសាសនា សម្រាប់ព្រះសង្ឃ សិក្សារៀនសូត្រអំពីភាសាបាលី និងប្រែក្លាយទីអារាមនេះទៅជាមជ្ឈមណ្ឌលទេសចរណ៍សាសនា ដែលមានតែមួយគត់នៅស្រុកបាទី និងថែរក្សាអត្តសញ្ញាណជាតិ ដោយគំនូរក្បូរក្បាច់រចនា សិល្បៈចម្លាក់នៅលើ ជញ្ជាំង សសរ និងដំបូលព្រះវិហារ គឺជាការថែរក្សានូវកេរតំណែរដូនតាខ្មែរ មិនឱ្យបាត់បង់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម បានធ្វើការកោតសរសើរចំពោះ ព្រះចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ដែលបានខិតខំ ដឹកនាំផ្តួចផ្តើមក កសាងនូវសាលាធម្មសភាលេចជារូបរាងឡើងនាពេលនេះ និងបន្តរួមគ្នាបរិច្ចាកធនធាន ដើម្បីសម្រេចឲ្យបាននូវសមិទ្ធផលដ៏ត្រចះត្រចង់អោយលេចចេញជារូបរាងឡើង។

ឯកឧត្តម ក៏បានគូសរំលេចថា គ្រូបង្រៀនបានលះបង់ កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការ បំពេញភារកិច្ចជាអ្នកបណ្តុះបណ្តាល ដែលមិនមែនផ្ទេរត្រឹមតែចំណេះដឹង និងចំណេះ វិជ្ជាប៉ុណ្ណោះទេ ថែមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ ប្រទេសជាតិ។ហេតុនេះ ប្អូនៗ យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ ធ្វើជាទំពាំងស្នងឬស្សី ជាពិសេសត្រូវចេះគោរព ដឹងគុណ លោកគ្រូ អ្នកគ្រូ ដែលពួកគាត់បានបង្ហាត់បង្រៀន ផ្តល់ចំណេះដឹងដល់ប្អូនៗទាំងអស់គ្នា។

ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសប្បុរសធម៌ និងការអភិវឌ្ឍក្នុងមូលដ្ឋានស្រុកបាទី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ បានឧបត្ថម្ភថវិកា និងសម្ភារៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ឧបត្ថម្ភ ថវិកា ១៥ លានរៀល សម្រាប់ដាក់អំពូលសូឡាជូនរដ្ឋបាលស្រុក ឧបត្ថម្ភថវិកាដល់សាលាប៊ុនរ៉ានីហ៊ុនសែន បាទី, សាលា ១ មិថុនា (កុំព្យូទ័រ ១៥ គ្រឿង), និងការឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យ និងសាលាក្នុងឃុំពារាម ប្រគេនបច្ច័យចំនួន ៨០ លានរៀល សម្រាប់កសាងសាលាធម្មសភាឥទ្ធបាត វត្តត្នោត ព្រមទាំងការឧបត្ថម្ភដល់កងកម្លាំង និងក្រុមគ្រូពេទ្យប្រចាំការដែលសរុបជាថវិកាចំនួន ១៤០ លាន ៩១ ម៉ឺនរៀល ។

ពិធីនេះបានបញ្ចប់ទៅដោយបរិយាកាសសប្បាយរីករាយ និងភាពស្និទ្ធស្នាល ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។