ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) អញ្ជើញដឹកនាំកិច្ចប្រជុំ “គណៈកម្មាធិការជាតិភស្តុភារកម្មលើកទី១២”

ទីស្ដីការក្រសួង៖ នារសៀលថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) អញ្ជើញដឹកនាំកិច្ចប្រជុំ “គណៈកម្មាធិការជាតិភស្តុភារកម្មលើកទី១២” ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ជាអនុប្រធាន សមាជិក-សមាជិកា គ.ជ.ភ មកពីក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិគ្រោះយោបល់ក្នុងក្របខណ្ឌគណៈកម្មាធិការជាតិភស្តុភារកម្ម លើសេចក្តីព្រាងច្បាប់ស្តីពី “ភស្តុភារកម្ម” ដើម្បីធានាថា ខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មានភាពគ្រប់ជ្រុងជ្រោយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុលោមតាមឧត្តមានុវត្តន៍អន្តរជាតិ ដែលសេចក្តីព្រាងច្បាប់នេះនឹងក្លាយជាមូលដ្ឋានគតិយុត្តដ៏សំខាន់ សម្រាប់ការពង្រឹងប្រសិទ្ធភាព ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថា ដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងពិគ្រោះយោបល់យ៉ាងផុលផុសជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅរាជរដ្ឋាភិបាល តាមរយៈការប្រមូលធាតុចូលចំនួន ៥លើក និងកិច្ចប្រជុំពិភាក្សាចំនួន ៦៦លើក ដើម្បីធានាបាននូវតុល្យភាពរវាងការគ្រប់គ្រងរបស់រដ្ឋ ការសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់បរិយាកាសវិនិយោគក្នុងវិស័យភស្តុភារកម្ម៕