រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលជួបលោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា
ទីស្តីការក្រសួង ស.អ. យ ៖នៅវេលាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួង បានទទួលជួបលោកបណ្ឌិត Will Park តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងសហការី ដែលជាជំនួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកបណ្ឌិតត្រូវបញ្ចប់បេសសកម្មនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តម ជា សុមេធី បានថ្លែងអំណរគុណចំពោះអង្គការយូនីសេហ្វ ក្នុងអាណិត្តរបស់លោកបណ្ឌិត តែងតែគាំទ្រកម្មវិធីការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ជាអាទិ៍ កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ និងជនមានពិការភាព, ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ, ការពង្រឹងសមត្ថភាពកម្លាំងសេវាសង្គមកិច្ច ជាពិសេសថ្មីៗនេះ ការជួយដល់កុមារ និងគ្រួសារភៀសសឹកដោយសារការឈ្លានពីយោធាថៃនៅតាមព្រំដែន។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ទុកអង្គការយូនីសេហ្វប្រចាំកម្ពុជា ជាគូដែលតែងតែជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ដេីម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាសំដៅធានាថា កុមារទទួលបានសិទ្ធិ និងឧត្តមប្រយោជន៍ពេញលេញរបស់ពួកគេ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត Will Park បានកោតសរសេីរចំពោះភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ក្រសួង ជាមួយអង្គការយូនីសេហ្វ និងវឌ្ឍនភាពការងារថ្មីៗក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី។ បន្ថែមពីនេះ លោកបណ្ឌិត ក៏បានស្នេីសុំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការអនុម័ត្តសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ, ការផ្តល់សច្ចាប័នពិធីសារបន្ថែមស្តីពីនីតិវិធីបណ្តឹង (OP3), និងលេីកកម្ពស់ការថែទាំកុមារនៅតាមគ្រួសារ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណេីរបស់លោកបណ្ឌិតតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងបានជូនពរដល់លោកបណ្ឌិត ទទួលបានជោគជ័យក្នុងភារកិច្ចថ្មី។






