ក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលប្រឡងក្របខណ្ឌកិច្ចការព្រំដែន «ប្រឡងព្រឹក ប្រកាសយប់» ប្រកបដោយតម្លាភាពខ្ពស់

ក្រសួងមុខងារសាធារណៈ បានធ្វើការងារយ៉ាងរហ័ស និងហ្មត់ចត់បំផុត ដោយបានប្រកាសលទ្ធផលស្ថាពរនៃការប្រឡងប្រជែងចូលក្របខណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ភ្លាមៗក្នុងថ្ងៃតែមួយបន្ទាប់ពីការប្រឡងសម្ភាសន៍បានបញ្ចប់។

ការប្រកាសលទ្ធផលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ជាលទ្ធផល គណៈកម្មការរៀបចំការប្រឡងប្រជែង បានស្វែងរកឃើញបេក្ខជនជ័យលាភីជាស្ថាពរចំនួន ២៨ នាក់ (ក្នុងនោះមានស្ត្រី ៨ នាក់) សម្រាប់ឧបសម្ព័ន្ធទី ២ ដែលមានតម្រូវការជ្រើសរើសចំនួន ៣០ នាក់។ បេក្ខជនជោគជ័យទាំងអស់ សុទ្ធតែបានឆ្លងកាត់ការវាយតម្លៃយ៉ាងស្វិតស្វាញ ទាំងដំណាក់កាលវិញ្ញាសាសរសេរ និងដំណាក់កាលសម្ភាសផ្ទាល់មាត់។

​បន្ទាប់ពីការចុះហត្ថលេខាប្រកាសលទ្ធផលជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍សង្កត់ធ្ងន់អំពីល្បឿន និងការប្តេជ្ញាចិត្តខ្ពស់របស់គណៈកម្មការថា៖
​«ការរៀបចំឱ្យមានការប្រឡងពេលព្រឹក និងប្រកាសលទ្ធផលពេលយប់ក្នុងថ្ងៃតែមួយនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់បេក្ខជនផ្ទាល់ ដែលចង់ដឹងលទ្ធផលដោយមិនបាច់រង់ចាំយូរ។ ពិសេសជាងនេះទៅទៀត គឺដើម្បីឱ្យអង្គភាពសាមីគឺ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឆាប់ទទួលបានមន្ត្រីថ្មីដែលមានសមត្ថភាពពិតប្រាកដ យកទៅបំពេញការងារឱ្យទាន់ពេលវេលា»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារ និងគណៈកម្មការទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារទាំងថ្ងៃទាំងយប់ ឥតគិតពីការនឿយហត់ ដើម្បីធានាឱ្យដំណើរការទាំងមូលប្រព្រឹត្តទៅដោយរលូន និងគ្មានការបង្អង់យូរ។

​ដើម្បីធានាបាននូវភាពស្អាតស្អំ និងយុត្តិធម៌ពិតប្រាកដ ដំណើរការប្រឡងប្រជែងនេះមានការចូលរួមសង្កេតការណ៍យ៉ាងហ្មត់ចត់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងអ្នកសង្កេតការណ៍មកពីបណ្តាស្ថាប័ននានា ចាប់តាំងពីដំណាក់កាលដំបូងរហូតដល់ការប្រកាសលទ្ធផលចុងក្រោយ។

ភាពសុក្រឹតនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមប្រសាសន៍ណែនាំ និងលើកទឹកចិត្តថា៖
​«វត្តមានរបស់ ACU និងក្រុមអ្នកសង្កេតការណ៍ គឺជាសាក្សីដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្ត និងភាពកក់ក្តៅពេញលេញជូនបេក្ខជន។ យើងនៅតែបន្តប្រកាន់ខ្ជាប់យ៉ាងដាច់ខាតនូវគោលការណ៍ “គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព”។ ទោះបីជាការជ្រើសរើសមិនគ្រប់ចំនួន ៣០នាក់ តាមផែនការជ្រើសរើសបាន២៨នាក់ក៏ដោយ ប៉ុន្តែយើងផ្អែកលើសមត្ថភាពពិតជាក់ស្តែង ពោលគឺអ្នកជាប់ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ស្របតាមស្តង់ដារដែលបានកំណត់ ដើម្បីដេញដោលឱ្យខាងតែបាននូវអភិក្រម “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”»។

ការកែទម្រង់ប្រព័ន្ធប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាពេលនេះ កំពុងក្លាយជាគំរូដ៏មានតម្លៃមួយក្នុងការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជាឱ្យកាន់តែមានសក្តានុពល តម្លាភាព និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជន៕