ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី រៀបចំពិធីសំណេះសំណាលមហាគ្រួសារកសិករចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា លើកទី១
ពិធីសំណេះសំណាលមហាគ្រួសារកសិករចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា លើកទី១ រវាងប្រជាកសិករ និងធនាគារ មេក្រូហិរញ្ញវត្ថុ ដើម្បីរកដំណោះស្រាយ និងធ្វើឲមានភាពងាយស្រួលដល់ប្រជាកសិករ ដោយប្រារព្ធធ្វើនៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍ កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមធិបតី
ភាព ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៧។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍ថា វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដំណាំ មិនត្រឹមតែជាប្រភពផលិតស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចជនបទ ក្នុងការបង្កើតការងារ បង្កើតចំណូល និងកាត់បន្ថយភាពក្រីក្រ។ រាជរដ្ឋាភិបាល កម្ពុជាកំពុងអនុវត្តគោលនយោបាយថ្មីៗ ដើម្បីជំរុញ វិស័យនេះឱ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល និងកសិកម្មឆ្លាតវៃ (Smart Agriculture), អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម រួម ទាំងប្រព័ន្ធធារាសាស្ត្រ និងឃ្លាំងស្តុកទុកទំនើប, លើកទឹកចិត្តការបន្ថែមតម្លៃលើផលិតផលកសិកម្ម តាមរយៈការភ្ជាប់ខ្សែច្រវាក់តម្លៃពីកសិករ រហូតដល់អ្នកនាំ ចេញ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមាហាបវតធិបតី ហ៊ុន ម៉ាណែត បានពង្រឹងការគ្រប់គ្រងសុខភាពសត្វ និងសុវត្ថិភាព ចំណីអាហារ ដើម្បីបង្កើនទំនុកចិត្តទីផ្សារក្នុង និងក្រៅប្រទេស, លើកទឹកចិត្តយុវជន និងស្ត្រី ឱ្យចូលរួមក្នុង វិស័យកសិកម្មទំនើប តាមរយៈកម្មវិធីបណ្តុះបណ្តាល និង គាំទ្រហិរញ្ញវត្ថុ, ជំរុញការនាំចេញផលិតផលកសិកម្ម និង សាច់សត្វ ទៅកាន់ទីផ្សារអន្តរជាតិ ខណៈកាត់បន្ថយ ការពឹងផ្អែកលើការនាំចូលទស្សនៈវិស័យរបស់យើងគឺ «កសិកម្មទំនើប កសិកររុងរឿង សេដ្ឋកិច្ចជាតិរឹងមាំ»។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកទឹកចិត្តឱ្យប្រជាកសិករ ត្រូវផ្លាស់ប្តូរពីការផលិតវត្ថុធាតុដើម ទៅជា ការផលិត ផលិតផលកសិកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដោយភ្ជាប់កសិកម្ម ឧស្សាហកម្មកែច្នៃ បច្ចេកវិទ្យា ទីផ្សារ ឱ្យបានយ៉ាងរលូន ហើយឯកឧត្តមបណ្ឌិតក៏បានបង្ហាញជំនឿជាក់ ថា កសិកម្មរឹងមាំ គឺសេដ្ឋកិច្ចជាតិរឹងមាំ ប្រជាជនមានការ ងារ និងចំណូល គឺសង្គមមានស្ថេរភាព និងសន្តិសុខ កសិករមានអនាគត គឺប្រទេសជាតិមានអនាគតដ៏ ត្រចះត្រចង់៕





