ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ថ្លែងថា បណ្ណកម្មសិទ្ធិដីធ្លីផ្តល់សុវត្ថិភាពសម្រាប់ការកាន់កាប់ស្របច្បាប់លើដីរបស់ខ្លួន សូមប្រជាពលរដ្ឋថែរក្សា ប្រើប្រាស់ជាប្រយោជន៍ និងមានប្រសិទ្ធភាព
ក្រចេះ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួនក្បាលដី ២,៧៧៧ ក្បាល ជូនប្រជាពលរដ្ឋ ៤ភូមិ នៅឃុំបុសលាវ ស្រុកចិត្របុរី នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នាបរិវេណវត្តបុស្សមាលី (ហៅ វត្តបុសលាវ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា បណ្ណកម្មសិទ្ធិដីធ្លី គឺជាឯកសារច្បាប់ដ៏សំខាន់ដែលផ្តល់នូវសុវត្ថិភាព និងភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ បណ្ណកម្មសិទ្ធិនេះ មិនត្រឹមតែបញ្ជាក់ពីសិទ្ធិកាន់កាប់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយជម្លោះដីធ្លី និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ និងអភិវឌ្ឍអចលនទ្រព្យរបស់ខ្លួនផងដែរ។
ឯកឧត្តម បានបញ្ជាក់ដែរថា បណ្ណកម្មសិទ្ធិដីធ្លី មានអត្ថប្រយោជន៍យ៉ាងទូលំទូលាយ ចំពោះជីវភាពគ្រួសារ សហគមន៍ និងការអភិវឌ្ឍសង្គម។ បណ្ណកម្មសិទ្ធិផ្តល់សុវត្ថិភាពនៃការកាន់កាប់ដីធ្លី នៅពេលមានបណ្ណកម្មសិទ្ធិប្រជាលរដ្ឋ អាចរស់នៅប្រកបរបរ និងអភិវឌ្ឍន៍ដីធ្លីរបស់ខ្លួន ដោយមិនមានការភ័យខ្លាចពីភាពមិនច្បាស់លាស់ សុវត្ថិភាពផ្នែកដីធ្លីនេះ មានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះវាបង្កើតទំនុកចិត្តឱ្យគ្រួសារ និងសហគមន៍។
ឯកឧត្តមបានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិស្របច្បាប់លើដីធ្លី ជំរុញសន្តិសុខក្នុងការកាន់កាប់ និងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
ឯកឧត្តមប្រធានក្រុមការងារ បានគូសបញ្ជាក់បន្ថែមថា ជម្លោះដីធ្លីភាគច្រើនកើតឡើងដោយសារតែការបែងចែកព្រំដីមិនច្បាស់លាស់ ការខ្វះឯកសារ ការយល់ខុសរវាងអ្នកជិតខាង ឬការទាមទារសិទ្ធិជាន់គ្នា។ ដូច្នេះ នៅពេលមានការវាស់វែងបានត្រឹមត្រូវ និងការចេញបណ្ណបានត្រឹមត្រូវ ព្រំដីត្រូវបានកំណត់ច្បាស់ សិទ្ធិនៃការគ្រប់គ្រងដីធ្លីត្រូវបានទទួលស្គាល់ច្បាស់លាស់ ហើយជម្លោះអាចត្រូវបានកាត់បន្ថយយ៉ាងច្រើន។
បណ្ណកម្មសិទ្ធិអាចបង្កើនតម្លៃទ្រព្យសម្បត្តិ ដីដែលមានបណ្ណកម្មសិទ្ធិច្បាស់លាស់ មានតម្លៃខ្ពស់ជាងដីដែលមិនមានឯកសារត្រឹមត្រូវ និងជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាព ងាយស្រួលក្នុងការផ្ទេរ លក់ ទិញ ជួល ឬការប្រើប្រាស់តាមតម្រូវការស្របច្បាប់។
ឯកឧត្តម បានបញ្ជាក់ដែរថា ការរៀបចំដីធ្លីនៅប្រទេសកម្ពុជា គឺមានប្រវត្តិស្មុគស្មាញ ក្រោយសង្គ្រាម និងបញ្ហាអតីតកាល ប្រព័ន្ធឯកសារដីជាច្រើនត្រូវបានបាត់បង់ ឬក៏មិនមានភាពពេញលេញ ដូច្នេះការស្តារឡើងវិញនូវប្រព័ន្ធចុះបញ្ជីដីធ្លី ការវាស់វែង និងការចេញបណ្ណកម្មសិទ្ធិដីធ្លី គឺជាការងារធំមួយដែលត្រូវការពេលវេលា ធនធានមនុស្ស បច្ចេកទេស និងការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
នៅក្នុងឱកាសនៃពិធីប្រគល់ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នេះដែរ ឯកឧត្តមប្រធានក្រុមការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ សូមថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព ព្រោះវាជាភស្តុតាងផ្លូវច្បាប់ដ៏មានតម្លៃសម្រាប់គ្រួសារ និងកូនចៅជំនាន់ក្រោយ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគួរប្រើប្រាស់ដីធ្លីរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងស្របតាមច្បាប់ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសហគមន៍។
ឯកឧត្តម បានសង្កត់ធ្ងន់ និងរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមើលបណ្ណកម្មសិទ្ធិត្រឹមតែជាឱកាសសម្រាប់លក់ដីភ្លាមៗឱ្យសោះ ប៉ុន្តែ ត្រូវគិតឱ្យវែងឆ្ងាយ។ ជាពិសេសសូមកុំលួចចូលកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីយកមកធ្វើកម្មសិទ្ធិដោយខុសច្បាប់ឱ្យសោះ។
បងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានជួយធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅក្នុងចិត្ត និងមានទំនុកចិត្តកាន់តែខ្ពស់ក្នុងការប្រើប្រាស់ដីធ្លីសម្រាប់ការអភិវឌ្ឍជីវភាពរស់នៅ៕





