អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធថ្មី នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជម្រុញសេដ្ឋកិច្ចជាតិ!

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធនានានៃសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងអគារនិវេសនដ្ឋានគយក្រុងព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុផងដែរ។

សមិទ្ធផលថ្មីៗទាំងនេះ ត្រូវបានធ្វើទំនើបកម្ម និងបំពាក់ទៅដោយបច្ចេកវិទ្យា ព្រមទាំងសម្ភារបរិក្ខារទំនើបៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែង។

ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងពីចំណុចសំខាន់ៗដែលដោយបានគូសបញ្ជាក់ថាចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ មក ទំហំទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងយ៉ាងខ្លាំង ដែលតម្រូវឱ្យមន្ត្រីបំពេញការងារ ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសម្រួលចរន្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំ ដោយក្តោបក្តាប់ទំហំវិនិយោគរហូតដល់ ៦០ភាគរយ នៃទំហំពាណិជ្ជកម្មទូទាំងប្រទេស។ សមិទ្ធផលនេះកើតឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិ សម្តេចតេជោ ហ៊ុន សែន និងបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីគយនិងរដ្ឋាករទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រមូលចំណូលជាតិបានយ៉ាងល្អប្រសើរ ទោះបីជាត្រូវប្រឈមនឹងវិបត្តិសកលក៏ដោយ និងបានលើកទឹកចិត្តឱ្យបន្តបំពេញភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បន្ថែមទៀត៕

សម្រួលអត្ថបទ: ម៉ារ៉ាឌី