នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងអគារនិវេសនដ្ឋានគយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគយនិងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្នុងនោះមានអគាររដ្ឋបាល ទំហំ ៣៧,៥ម៉ែត្រ x ២៤ ម៉ែត្រ កម្ពស់ ៣ ជាន់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន អគាររួមដែលមានបន្ទប់ការិយាល័យ បន្ទប់ប្រជុំតូច សាលប្រជុំធំ បន្ទប់រង់ចាំ បន្ទប់បញ្ចូលទិន្នន័យ បន្ទប់ម៉ាស៊ីនមេ (Server) ប៉ុស្តិ៍សន្តិសុខ ចំណតរថយន្ត បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ប្រព័ន្ធលូ បង្គោលភ្លើង និងអំពូលសូឡា សួនច្បារ និងរបងព័ទ្ធជុំវិញ ព្រមទាំងបានបំពាក់សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹមផងដែរ។ ដោយឡែក និវេសនដ្ឋានគយ ត្រូវបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានកម្ពស់ ១៤ ជាន់ និងបន្ទប់សរុបចំនួន ១៤០ បន្ទប់ ក្នុងនោះ ៧៧ បន្ទប់ ត្រូវបានរៀបចំសម្រាប់ការស្នាក់នៅរបស់មន្ត្រីគយនិងរដ្ឋាករ និង ៦៣ បន្ទប់ទៀត ត្រូវបានជួលឱ្យសណ្ឋាគារ O.Sea Hotel ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។
សមិទ្ធផលនេះ បង្ហាញឱ្យឃើញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍសមត្ថភាពស្ថាប័នតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងបំពាក់មធ្យោបាយបំពេញការងារឱ្យបានសមស្រប ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ និងស្របតាមការអនុវត្តគោលដៅយុទ្ធសាស្ដ្រទី៦ “សមត្ថភាពស្ថាប័ន” នៃយុទ្ធសាស្ដ្រកែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០២៤-២០២៨។
ក្នុងឱកាសនៃពិធីនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានធ្វើបទបង្ហាញជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី អំពីការធ្វើទំនើបកម្មនីតិវិធីគយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងកំណើនជាបន្តបន្ទាប់នៃកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ជាក់ស្តែង គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងប្រមាណ ៣៤,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិកា និងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគយនិងរដ្ឋាករគ្រប់រូប ក្នុងការអនុវត្តការងារប្រមូលចំណូល ព្រមទាំងបានណែនាំបន្ថែមឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកកម្ពុជា បន្តធ្វើទំនើបកម្ម និងធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយប្រព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិស័យឯកជន ជាពិសេសជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូន មានលទ្ធភាពវិនិយោគលើការអភិវឌ្ឍន៍ប្រព័ន្ធស្វ័យប្រវត្តិកម្ម តភ្ជាប់ជាមួយប្រព័ន្ធគយនិងកំពង់ផែ ដើម្បីពន្លឿនក្នុងការបំពេញបែបបទបញ្ចេញទំនិញពីកំពង់ផែ ដែលកិច្ចការនេះ នឹងរួមចំណែកដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីគយនិងរដ្ឋាករទាំងអស់ ត្រូវបន្តអនុវត្តវិធានការមុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់ពន្ធ ឱ្យសកម្ម ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅធានាប្រសិទ្ធភាពការងារគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ នាំចូល និងឆ្លងកាត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។





