ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានអញ្ជើញមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មនៅទីក្រុងណាមៀរ ខេត្តវ៉ាឡូនី ព្រះរាជាណាចក្រប៊ែលហ្សិក
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូ គ.ជ.ប ដឹកនាំដោយ ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដែលបានអញ្ជើញចូលរួមសិក្ខាសាលា និងសន្និបាតប្រចាំឆ្នាំ ឆ្នាំ២០២៦ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) នៅទីក្រុងណាមៀរ ខេត្តវ៉ាឡូនី ព្រះរាជាណាចក្រប៊ែលហ្សិក បានធ្វើមាតុភូមិនិវត្តន៍ ដោយមានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ គ.ជ.ប នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឯកឧត្តម ឌឹម សុវណ្ណារុំ បានលើកទ្បើងអំពីលិទ្ធផលនៃសិក្ខាសាលា និងសន្និបាតប្រចាំឆ្នាំ ឆ្នាំ២០២៦ របស់បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង (RECEF) រួមមាន៖
1/សន្និបាតលើកនេះ មានតំណាងចូលរួមចំនួន ២៥ប្រទេស គឺខុសពីឆ្នាំមុន គឺមានតែ២០ប្រទេស
2/បានបោះឆ្នោតជ្រើសរើសប្រធានប្តូរវេនថ្មី ១រូប មាន អាណត្តិ ២ឆ្នាំ គឺលោក Biram Sene អ្នកច្បាប់ និងជា អគ្គនាយករៀបចំការបោះឆ្នោតនៃក្រសួងមហាផ្ទៃ ប្រទេសសេនេហ្កាល់ (ជំនួសឱ្យប្រធានប្តូរវេនដែលចប់ អាណត្តិ គឺលោក Mathias Barthelemy Morouba ប្រធាន គជប អាហ្វ្រិកកណ្តាល)
3/បោះឆ្នោតជ្រើសរើសមន្ត្រីរដ្ឋបាល ១រូប គឺលោក Alexandre Schulz អនុប្រធានការិយាល័យរៀបចំ ការបោះឆ្នោតនយោបាយនៃក្រសួងមហាផ្ទៃបារាំង
4/ឆ្នាំ 2026 នេះ មិនមាន គជប នៃប្រទេសនិយាយភាសា បារាំង ស្នើសុំចូលរួមជាសមាជិកថ្មីទេ ប៉ុន្តែ គជប Luxembourg បានចូលរួមជាអ្នកសង្កេតការណ៍ក្នុង កិច្ចប្រជុំ ដើម្បីត្រៀមខ្លួនរៀបចំចូលជាសមាជិកពេញសិទ្ធ ថ្មីរបស់បណ្តាញនៅឆ្នាំបន្ទាប់។
5/-recef បានតម្លើងថវិកាមួយជាពីរពី២៥០០ទៅ៥ពាន់អឺរូ ដើម្បីគាំទ្រដល់គម្រោងការងារបោះឆ្នោតពីរទៅបី គម្រោងក្នុង១ឆ្នាំដល់សមាជិក recef ហើយ គជប កម្ពុជា ក៏អាចលើកជាគម្រោងផងដែរ។
ឯកឧត្តម ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា នេះជាមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ បន្ទាប់ពីកម្ពុជាបានស្គាល់មហាវិនាសសកម្មនៃរបបអាវខ្មៅ មកធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ដោយអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងបានហើយនៅក្រោយការបោះឆ្នោត កម្ពុជាបន្តដំណើរជាតិកម្ពុជារបស់ខ្លួនតទៅទៀត គ្មានហិង្សានយោបាយ ភាគីឯកភាពទទួលយកលទ្ធផលនៃការបោះឆ្នោត។
សិទ្ធិបោះឆ្នោត គឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ ចំពោះកម្ពុជា សិទ្ធិនេះមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល ប៉ុន្តែច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតម្រូវឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្មោត ទើបអាចបោះឆ្នោតបាន។ បញ្ជីឈ្មោះបោះឆ្នោតមួយដែលល្អនឹងធានាបានភាពជឿជាក់ពីម្ចាស់ឆ្នោត ភាពស្មើគ្នានៃសិទ្ធរបស់ប្រជាពលរដ្ឋគ្រប់រូប តម្លាភាព ភាពមិនលម្អៀងនៃស្ថាប័នរៀបចំកាបោះឆ្នោតដែលត្រូវទទួលការវាយតម្លៃនូវភាពស្របច្បាប់របស់ខ្លួនពីម្ចាស់ឆ្នោត គណបក្សនយោបាយ និងគ្រប់តួអង្គដែលពាក់ព័ន្ធនឹងការបោះឆ្នោត៕








