ពិធីបើកវេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១

នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាជាតិគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១”ក្រោមប្រធានបទ “ការគាំទ្រ និងគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម (SMEs) និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងការយល់ដឹងរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ផ្សព្វផ្សាយបទប្បញ្ញត្តិនិងគោលនយោបាយ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់ SMEs ព្រមទាំងស្វែងរកដំណោះស្រាយរួម សំដៅជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។

​ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា SMEs ជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃផលិតកម្មក្នុងស្រុក ប៉ុន្តែនៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារ ជាដើម។ ឧកញ៉ាក៏បានសម្តែងនូវការពេញចិត្តចំពោះការរៀបចំវេទិកានេះ និងសង្ឃឹមថា កិច្ចសហការរវាង អគរ និង FASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ SMEs។

​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃ អគរ បានគូសរំលេចថា អគរ បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម ធ្វើធុរកិច្ច និងចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យគយ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs ដែលរួមចំណែកកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។ ឯកឧត្តម​បណ្ឌិតក៏បានសម្តែងការជឿជាក់ថា កិច្ចសហការរវាង អគរ និង FASMEC នឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ក្នុងការរួមគ្នាលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជ–កម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។

​ក្នុងសុន្ទរកថាបើកវេទិកា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមរវាង អគរ និង FASMEC ក្នុងការរៀបចំវេទិកានេះឡើង ដោយចាត់ទុកថាជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និងការជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុក SMEs ជាអាទិភាពដ៏សំខាន់មួយ ក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃមូលដ្ឋានផលិតកម្មជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវគោល–នយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការកែលម្អបរិយាកាស ធុរកិច្ច, ការសម្រួលពាណិជ្ជកម្ម, ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាននិងការធានាឥណទាន, ការលើកកម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល, ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ស្តង់ដារផលិតផល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានជម្រាបជូនអង្គវេទិកាអំពីការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ SMEs, ការរៀបចំយន្តការចុះបញ្ជី និងចាត់ថ្នាក់ SMEs តាមប្រព័ន្ធឌីជីថល CamDX ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ នាឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យក៏បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ អគរ, FASMEC, ក្រសួងស្ថាប័នពាក់ព័ន្ធ និង SMEs ដោយផ្តោតលើការបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម, ការអនុវត្តវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន តាមរយៈយន្តការសន្ទនានិងការពិគ្រោះយោបល់ជាប្រចាំ, ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រការកសាងសមត្ថភាពសម្រាប់ SMEs, ព្រមទាំងបានជំរុញឱ្យ SMEs ខិតខំពង្រឹងគុណភាពផលិតផល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសមត្ថភាពប្រកួតប្រជែង ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។

​នាពិធីបើកវេទិកានេះ អគរ និង FASMEC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន និងបង្កើតយន្តការសន្ទនានិងផ្លាស់ប្តូរព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយ ការកសាងសមត្ថភាព និងការទាញយកអត្ថប្រយោជន៍ពីវិធានការលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាល។

​វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លើកទី១ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយមានបទបង្ហាញបច្ចេកទេស កិច្ចពិភាក្សា និងវេទិកាសំណួរ-ចម្លើយ លើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការចុះបញ្ជី, គោលនយោបាយគាំទ្រ SMEs, ការលើកទឹកចិត្តសារពើពន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម និងការជំរុញការនាំចូលនិងនាំចេញ ដែលជួយលើកកម្ពស់ការយល់ដឹង និងរួមចំណែកគាំទ្រការអភិវឌ្ឍ SMEs នៅកម្ពុជា៕

Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot
Screenshot