មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចពិភាក្សារួមរវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងពិភាក្សាការងារ ជាមួយ លោកនាយក UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
រាជធានីភ្នំពេញ៖ ឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញបើកកិច្ចប្រជុំជាមួយ លោក Eamonn Murphy នាយក UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ភាគីទាំងអស់បានផ្លាស់ប្តូរយោបល់ពីវឌ្ឍនភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងសមិទ្ធផលផ្សេងៗទៀត ជាពិសេសគឺការកាត់បន្ថយការឆ្លងមេរោគអេដស៍ជាអតិបរមា ព្រមទាំងការចម្លងមេរោគអេដស៍ពីម្តាយទៅកូន ដែលជាសមិទ្ធផល ដ៏សំខាន់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ភាគី UNAIDS បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការធានាឱ្យប្រជាពលរដ្ឋ ទទួលបានសេវាបង្ការ ព្យាបាល និងថែទាំប្រកបដោយគុណភាព។
ជាមួយគ្នានេះ ភាគីទាំងអស់ក៏បានពិភាក្សាអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ការធានានិរន្តរភាព ហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខភាពសាធារណៈត្រឹមឆ្នាំ២០៣០។
ជំនួបនេះក៏ជាឱកាសសម្រាប់ការសម្របសម្រួល និងត្រៀមរៀបចំខ្លឹមសារសំខាន់ៗ សម្រាប់ជំនួប សម្តែងការគួរសមរវាង លោក Eamonn Murphy និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
ភាគីទាំងពីរបានបង្ហាញជំនឿជាក់ថា កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង ក្រសួងសុខាភិបាល អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា និង UNAIDS នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការ សម្រេចបានគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា៕





