សំណង់ជម្រកត្រីសិប្បនិមិ្មត៥០ប្រអប់ ត្រូវបានខណ្ឌរដ្ឋបាលជលផលកោះកុង ដាក់ពង្រាយ ចូលទៅដែនសហគមន៍នេសាទឃុំជ្រោយស្វាយ

ខេត្តកោះកុង ៖ ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី នៅក្នុងតំបន់នេះ សម្រាប់ផ្ដល់ជម្រកដ៏សុខសាន្តដល់ត្រី និងសត្វដទៃទៀត ក្នុងដែនសហគមន៍នេសាទឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានពង្រាយសំណង់ជម្រកត្រីសិប្បនិមិ្មតចំនួន៥០ប្រអប់។

លោក អ៉ិន ណែត មន្រ្តីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងថា ការដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតនេះ ធ្វើឡើងក្រោមគម្រោងគ្រប់គ្រងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដើម្បីស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីជលផលក្នុងតំបន់ ផ្ដល់ជាជម្រកសម្រាប់មច្ឆាជាតិសមុទ្រគ្រប់ប្រភេទ ព្រមទាំងថែរក្សាការពារធនធានជលផលឱ្យមាននិរន្ដរភាព។

មន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងដដែល សំណង់ជម្រកត្រីសិប្បនិម្មិត គឺជាកន្លែងលាក់ខ្លួន និងការពារសុវត្ថិភាពដ៏មានសារៈសំខាន់សម្រាប់មច្ឆា និងធនធានជលផលផ្សេងទៀត។

លើសពីនោះ វាក៏មានតួនាទីចម្រោះគុណភាពទឹក និងបង្កើតជាចំណីអាហារដល់ជីវៈចម្រុះក្រោមសមុទ្រ។ ក្នុងត្រីមាសទី១ នៃគម្រោង SCMF សិប្បនិម្មិតជំហានទី១ បានចំនួន២០ប្រអប់ ស្មើនឹង៤០០ ដុំ សម្រាប់ជំហានទី២ នេះក្រុមការងារគម្រោងនឹងទម្លាក់ចំនួន៥០ ប្រអប់ស្មើនឹង ១០០០ដុំ។

សហគមន៍ជ្រោយស្វាយ ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានជីវចម្រុះសម្បូរបែបដូចជា រុក្ខជាតិព្រៃកោងកាង គ្រែងឈាម គ្រំ មឹក បង្គារ ក្តាម និងកូនត្រីជាច្រើន បានមកជ្រក និងតោងជុំវិញសំណង់ជម្រកត្រីសិប្បនិម្មិតនេះ។ ហេតុនេះវាពិតជាបានបង្ហាញថា សំណង់សិប្បនិម្មិតនេះ បានដើរតួនាទីសំខាន់ជាជម្រកសម្រាប់មច្ឆាជាតិពិតមែន៕