អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាគយ និង សម្ព័ន្ធសមាគមសហគ្រាសធុន តូច និង មធ្យម កម្ពុជា, លើកទី ១»ក្រោមប្រធានបទគាំពារសហគ្រាសធុន តូច និង មធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និង សមត្ថភាពប្រកួតប្រជែង»

មានប្រសាសន៍បើក «វេទិកាគយ និង សម្ព័ន្ធសមាគមសហគ្រាសធុន តូច និង មធ្យម កម្ពុជា, លើកទី ១»នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៦នេះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមានប្រសាសន៍ថាពិធីបើក «វេទិកាគយ និង សម្ព័ន្ធសមាគមសហគ្រាសធុន តូច និងមធ្យម កម្ពុជា, លើកទី ១», ក្រោមប្រធានបទ «ការគាំទ្រ និង ការគាំពារសហគ្រាសធុន តូច និង មធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និង សមត្ថភាពប្រកួតប្រជែង»បានបានបង្ហាញឲ្យឃើញច្បាស់ ពីការបន្តប្តេជ្ញាចិត្តរួមគ្នា រវាងរដ្ឋបាល​គយ និង វិស័យឯកជន ក្នុងការបង្កើតវេទិកាសន្ទនា ដ៏រស់រវើក, ការផ្លាស់ប្តូរមតិយោបល់ និង ទស្សនៈ, ព្រមទាំង ការស្វែងរកដំណោះស្រាយរួម សំដៅអភិវឌ្ឍ, ជំរុញ និង លើកកម្ពស់សហគ្រាសធុន តូច និង មធ្យម កម្ពុជា ដែលជាប្រភពដ៏សំខាន់មួយ នៃការបង្កើតការងារ និង មុខរបរ និង ជាកម្លាំងចលករដ៏ចម្បង នៃកំណើនសេដ្ឋកិច្ចជាតិ ។ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយជវភាព និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, ក៏ដូចជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, ក្រោមការបន្តវេនដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុ-វិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំង ពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង​ ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១ ទន្ទឹមគ្នានឹង កម្មវិធីគោលនយោ- បាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥, សំដៅខិតខំ​ជម្នះឲ្យបាន ​នូវបញ្ហាប្រឈមទាំងឡាយ និង សម្របខ្លួន ទៅនឹងការ​ប្រែប្រួលនៃសភាពការណ៍​ ដែល​កើត​ឡើង ជា​បន្ដបន្ទាប់, និង ខណៈខ្លះ កើតឡើង ​ដំណាលៗគ្នា, ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំង ត្រៀមដាក់ចេញនូវ​វិធានការឆ្លើយតបមុតស្រួច លើគ្រប់ វិស័យ សំដៅ, ម្ខាង, ដោះស្រាយបញ្ហាប្រឈមចំពោះមុខ និង បន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម; និង ម្ខាងទៀត, ប្រែក្លាយបញ្ហា​ប្រឈមទាំងនេះ ឲ្យ ទៅ​ជាកាលានុវត្តភាព តាមរយៈការបន្តខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជា ភាព-រឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ តាមរយៈ ការពង្រីក និង ការពង្រឹងប្រព័ន្ធគាំពារសង្គម; ការកែលម្អបរិយាកាសធុរកិច្ច; ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច; ការពង្រឹងវិស័យហិរញ្ញវត្ថុ, ទាំងផ្នែកធនាគារ និង មិនមែនធនាគារ;​ ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុង​ស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុង​តំបន់ និង​ លើ សកលលោក; ការចាប់យកសកម្មភាពផលិតកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់; ការ-បង្កើតការងារកាន់តែច្រើន សម្រាប់ពលករកម្ពុជា; និង ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ ។ល។ សំដៅឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»រាជរដ្ឋាភិបាល តែងចាត់ទុកសហគ្រាសធុន តូច និង មធ្យម ជាអាទិភាព ដ៏សំខាន់ មួយ ដែលបាន និង កំពុង រួមចំណែកក្នុងការបង្កើតការងារ និង មុខរបរ, ការលើក-កម្ពស់ផលិតកម្មក្នុងស្រុក និង ការជំរុញកំណើនសេដ្ឋកិច្ច ។ ហេតុដូច្នេះហើយ ទើប រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ និង វិធានការនានា ជាបន្តបន្ទាប់ ដើម្បីគាំទ្រ, ជំរុញ និង លើកស្ទួយសហគ្រាសធុនតូច និង មធ្យម, ដែលខ្ញុំ សូមយកឱកាស ដ៏ថ្លៃថ្លានេះ គូសរំលេច ដោយសង្ខេប ដូចខាងក្រោម៖
១. ការលើកទឹកចិត្តផ្នែកសារពើពន្ធ, ម្ខាង, ផ្នែកពន្ធគយ តាមរយៈការសម្រួលនីតិវិធីគយ និង ការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីកាត់បន្ថយពេល និង ចំណាយ ព្រមទាំង វិធានការ ជាច្រើនទៀត, ដូចឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ នៅមុននេះ; និង ម្ខាងទៀត, ផ្នែកពន្ធដារ តាមរយៈការលើកលែង និង ការ-អនុគ្រោះពន្ធមួយចំនួន ដល់សហគ្រាសធុន តូច និង មធ្យម ក្នុងវិស័យអាទិភាព, ការ-សម្រួលវិធាន និង នីតិវិធី នៃការអនុវត្តកាតព្វកិច្ចសារពេីពន្ធ​មួយចំនួន​ ដូចជា វិធានគណនេយ្យសាមញ្ញ, ការសម្រួលគោលការណ៍រំលស់ សម្រាប់ទ្រព្យអចលកម្ម​ និង ការ-អនុគ្រោះកាតព្វកិច្ចកាត់ទុក ​មួយចំនួន, ព្រមទាំង ការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីបច្ចេក-វិទ្យាឌីជីថល ដើម្បីផ្ដល់ភាពងាយស្រួល និង ចំណេញពេល ជូនដល់អ្នកជាប់ពន្ធ ជាម្ចាស់សហគ្រាសធុន តូច និង មធ្យម ។២. ការកែលម្អបរិយាកាសធុរកិច្ច និង ការសម្រួលពាណិជ្ជកម្ម តាមរយៈ ការ-ដាក់ចេញនូវ «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ នៅកម្ពុជា ឆ្នាំ ២០២៥-២០២៨» ។
៣. ការលើកកម្ពស់ការទទួលហិរញ្ញប្បទាន និង ឥណទាន តាមរយៈ ការបង្កើត ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា, ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម, និង សាជីវកម្មធានាឥណទានកម្ពុជា ។
៤. ការជំរុញ និង ការលើកកម្ពស់សហគ្រិនភាព និង ការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈ ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ», មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, និង សហគ្រិន ខ្មែរ ។
៥. ការគាំទ្រដល់ការអភិវឌ្ឍជំនាញ តាមរយៈការបណ្ដុះបណ្ដាលផ្ទាល់ និង សហ-ហិរញ្ញប្បទាន ដែលត្រូវបានសម្របសម្រួលរៀបចំ ដោយមូលនិធិអភិវឌ្ឍន៍ជំនាញ ។ និង
៦. ការលើកកម្ពស់ស្តង់ដាផលិតផល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដើម្បីលើកកម្ពស់សមត្ថភាពជាតិ ក្នុងការផ្តល់សេវានៃការធ្វើតេស្តពិសោធ, ការធ្វើស្តង់ដានីយកម្ម, ការវាយតម្លៃភាពអនុលោមមាត្រាសាស្រ្ត, និង ការវាយតម្លៃទទួលស្គាល់, ក្នុងគោលបំណងអភិវឌ្ឍវិស័យឧស្សាហកម្ម និង សហគ្រាសគ្រប់ប្រភេទ, ទាំងមីក្រូ, តូច, មធ្យម និង ធំ ។
បន្ថែមលើនេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និង កំពុង ជំរុញអនុវត្ត នូវវិធានការ គោលនយោបាយ សម្រាប់រយៈពេលមធ្យម និង រយៈពេលវែង ដោយផ្តោតលើការបន្តដោះស្រាយបញ្ហាប្រឈមនានា ជារចនាសម្ព័ន្ធ, ជាពិសេស បានដាក់ចេញនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» ជាមួយនឹងវិធានការមុតស្រួច និង ចំគោលដៅ ជាច្រើន, សំដៅ៖ ១). គាំពារកំណើនសេដ្ឋកិច្ច, ជាពិសេស ក្នុងវិស័យដែលត្រូវបានរំពឹងទុកថា នឹងមានកំណើនយឺត; ២). លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់; និង ៣). កំណត់ទិសដៅច្បាស់លាស់ សម្រាប់ការសម្របខ្លួន ទៅនឹងការ-ប្រែប្រួលនៃរបបពាណិជ្ជកម្មអន្តរជាតិ ។ មិនតែប៉ុណ្ណោះ, រាជរដ្ឋាភិបាល ក៏បាន និង កំពុង គិតគូរដាក់ចេញនូវវិធានការឆ្លើយតប ទៅនឹងបញ្ហាបន្ទាន់ចំពោះមុខ និង ក្នុង រយៈពេលខ្លី ដោយផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ចីរភាពហិរញ្ញវត្ថុសាធារណៈ, ការរក្សាលំនឹងសកម្មភាពសង្គម-សេដ្ឋកិច្ច និង ការប្រែក្លាយបញ្ហាចំពោះមុខ ឲ្យទៅជាកាលានុវត្តភាពនៃការអភិវឌ្ឍ, ក្នុងនោះ រួមមាន៖ ការគាំទ្រដល់ពលករទេសន្តរប្រវេសន៍ និង ជនភៀសសឹក ព្រមទាំងវិធានការឆ្លើយតប នឹងការប្រែប្រួលនៃរបបពាណិជ្ជកម្មអន្តរជាតិ និង ការហក់ឡើងខ្ពស់នៃថ្លៃប្រេងឥន្ធនៈ នាពេលថ្មីៗនេះ ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាល កំពុងរៀបចំ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ សំដៅឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរ និង ការងារ, ធានាលំនឹងជីវភាពប្រជាជន និង ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង សង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និង មធ្យម ខាងមុខ» ដោយមានការគិតគូរពីការជំរុញអន្តរកាលថាមពល (Energy Transition) ផងដែរ ។ «កម្មវិធី» នេះ កំពុងត្រូវបានវេចខ្ចប់សម្អាត ជាចុងក្រោយ ក្រោមការពិគ្រោះយោបល់ ជាមួយ និង ការចូលរួមគាំទ្រយ៉ាងក្លៀវក្លា ពីសំណាក់ ដៃគូអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា, ដែលរាជរដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យអនុវត្ត នាពេលដ៏ខ្លីខាងមុខ ។
មួយវិញទៀត, រាជរដ្ឋាភិបាល ក៏កំពុងគិតគូរធ្វើការសម្របសម្រួល ក្នុងចំណោមក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលយន្តការ និង នីតិវិធីនៃការចុះបញ្ជី និង ការធ្វើចំណាត់ថ្នាក់សហគ្រាសធុន តូច និង មធ្យម តាមប្រព័ន្ធអនឡាញទាំងស្រុង ដោយប្រើប្រាស់ថ្នាល CamDX ក្នុងគោលដៅធានា ឲ្យមានភាពកាន់តែសាមញ្ញ, ច្បាស់លាល់ និង សង្គតិភាព ។ តាមរយៈយន្តការ និង នីតិវិធីថ្មីនេះ, ម្ចាស់សហគ្រាសធុន តូច និង មធ្យម អាចចុះបញ្ជី និង ទទួលបានការធ្វើចំណាត់ថ្នាក់ ជាផ្លូវការ ជាកញ្ចប់រួមតែម្តង ដោយមិនចាយពេលច្រើនដូចមុន, រួចហើយនឹងទទួលបាន នូវឯកសារគតិយុត្តពាក់ព័ន្ធទាំងអស់ សម្រាប់ការទទួលស្គាល់ ជាផ្លូវការ​ ក្នុងពេលតែមួយ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយមិនតម្រូវឲ្យធ្វើដំណើរទៅដាក់ឯកសារ ជាក្រដាស់ ដោយផ្ទាល់ទៀតឡើយ ។ បន្ថែមលើនេះ, សេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសហគ្រាសធុន តូច និង មធ្យម, ដែល មានចក្ខុវិស័យពង្រឹង និង ពង្រីកការអភិវឌ្ឍសហគ្រាសធុន តូច និង មធ្យម ឲ្យក្លាយជាមូលដ្ឋានគ្រឹះ និង ជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ, កំពុងត្រូវបានរៀបចំជិតរួចរាល់, ហើយគ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពេលដ៏ឆាប់ខាងមុខ តាមការស្នើសុំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសា្រស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ។ ខ្ញុំរំពឹងថា យុទ្ធសាស្ត្រជាតិ នេះ អាចនឹងត្រូវបានរាជរដ្ឋាភិបាល អនុម័តដាក់ឲ្យអនុវត្ត ជាផ្លូវការ ក្នុងឆមាសទី ២ ឆ្នាំ ២០២៦​ នេះ ។ ផ្អែកតាម យុទ្ធសាស្ត្រជាតិ នេះ, សហគ្រាសធុន តូច និង មធ្យម, បន្ទាប់ពីបានចុះបញ្ជី និង ទទួលស្គាល់ ជាផ្លូវការ តាមថ្នាល CamDX, នឹងទទួលបាននូវកញ្ចប់លើកទឹកចិត្ត ពីរាជរដ្ឋាភិបាល, ទាំងផ្នែកសារពើរពន្ធ និង មិនមែនសារពើពន្ធ។នៅក្នុងឱកាសនេះផងដែរអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគយ និង រដ្ឋាករ គ្រប់លំដាប់ថ្នាក់ សម្រាប់ យកទៅអនុវត្ត, ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, វិស័យឯកជន, រាប់ញ្ចូលទាំងសម្ព័ន្ធសមាគមសហគ្រាសធុន តូច និង មធ្យម កម្ពុជា, ធនាគារ, គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​​ និង ដៃគូពាក់ព័ន្ធផ្សេងទៀត, ដូចខាង​ក្រោម៖
ទី១. អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ត្រូវបន្តខិតខំពង្រឹងតួនាទី ជាស្ថាប័នសម្រួលពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មសេវាគយ, ការបន្តសម្រួលនីតិវិធី, ការកាត់បន្ថយឧបសគ្គមិនចាំបាច់, ការពង្រឹងការផ្សព្វផ្សាយព័ត៌មាន, និង ការបណ្តុះបណ្តាល ដល់សហគ្រាសធុន តូច និង មធ្យម, ជាពិសេស ត្រូវបន្តជំរុញយន្តការសន្ទនា និង ការពិគ្រោះយោបល់ ជាមួយវិស័យឯកជន ដើម្បីស្តាប់នូវរាល់បញ្ហាប្រឈម និង សំណូមពរផងទាំងពួង និង ប្រឹងប្រែងស្វែងរកដំណោះស្រាយ ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព និង ស្មារតីទទួលខុសត្រូវខ្ពស់ ។
ទី២. អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និង សម្ព័ន្ធសមាគមសហគ្រាសធុន តូចនិង មធ្យម កម្ពុជា ត្រូវខិតខំជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលនឹងត្រូវបានចុះហត្ថលេខា នាពេលបន្តិចទៀតនេះ ឲ្យក្លាយជាយន្តការមួយ ដ៏មានប្រសិទ្ធភាព និង មានភាពរស់រវើក ប្រកបដោយលទ្ធផលជាក់ស្តែង និង អាចវាស់វែងបាន សម្រាប់ជាប្រយោជន៍ ដល់សហគ្រាសធុន តូច និង មធ្យម ក៏ដូចជា ដល់ប្រជាជនកម្ពុជា ជារួម ផងដែរ ។
ទី៣. ខ្ញុំសូមលើកទឹកចិត្ត សម្ព័ន្ធសមាគមសហគ្រាសធុន តូច និង មធ្យម កម្ពុជា បន្តដើរតួនាទីជាស្ពាន ដ៏មានប្រសិទ្ធភាព រវាងរាជរដ្ឋាភិបាល និង វិស័យឯកជន តាមរយៈការប្រមូលមតិយោបល់, បញ្ហាប្រឈម និង សំណូមពរនានា របស់សហគ្រាសធុន តូច និង មធ្យម ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយ ឲ្យបានរហ័ស ។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមលើកទឹកចិត្តម្ចាស់សហគ្រាសក្នុងស្រុក គ្រប់ប្រភេទ ខិតខំទាញយកអត្ថប្រយោជន៍ ឲ្យបានជាអតិបរមា ពីការគាំទ្រទាំងឡាយ របស់រាជរដ្ឋាភិបាល, ដូចខ្ញុំបានគូសបញ្ជាក់ខាងលើ, ដើម្បីបន្តអភិវឌ្ឍ ខ្លួន, បង្កើនសមត្ថភាព និង ផលិតភាព តាមរយៈ ការលើកកម្ពស់សហគ្រិនភាព, ការចាប់យកបច្ចេកវិទ្យាឌីជីថល និង ការបង្កើនភាពធន់ សំដៅឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័ស នៃនិន្នាការតំបន់ និង សកល, ព្រមទាំង ការចូលរួមជាមួយរាជរដ្ឋាភិបាល ឲ្យបានពេញលេញ ក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ សំដៅជំរុញផលិតកម្មក្នុងស្រុក និង សមត្ថភាពប្រកួតប្រជែង, ស្របតាម ប្រធានបទនៃអង្គវេទិកានេះ ។ ទន្ទឹមនេះ, សូមលើកទឹកចិត្ត ដល់ ម្ចាស់សហគ្រាសក្នុងស្រុកទាំងឡាយ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ ការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន; ការពង្រឹងអនុលោមភាព; ការកែលម្អអភិបាលកិច្ចធុរកិច្ច; ការវិនិយោគលើស្តង់ដា, គុណភាព, សុវត្ថិភាព, អនាម័យ; និង ការទទួលខុសត្រូវចំពោះបរិស្ថាន ។ល។ ចំណុចទាំងនេះ មិនមែនត្រឹមតែជាការតម្រូវ របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងជាការចង់បាន និង ការរំពឹងទុករបស់អតិថិជន, វិនិយោគិន និង ទីផ្សារ ផងដែរ ។ ការណ៍នេះ តម្រូវឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ពីការយល់ឃើញថា «អនុលោម​ភាព គឺជាបន្ទុក» មកជាការទទួលស្គាល់ថា «អនុលោមភាព គឺជាការវិនិយោគជាយុទ្ធសាស្ត្រ», ដូចខ្ញុំធ្លាប់បានលើកឡើង កាលពីពេលកន្លងទៅ ។ និង
ទី៤. ខ្ញុំក៏សូមអំពាវនាវដល់ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ស្ថាប័នហិរញ្ញវត្ថុ បន្តពង្រឹងកិច្ចសហការអន្តរស្ថាប័ន និង ភាពជាដៃគូ រវាងរដ្ឋ និង ឯកជន ឲ្យកាន់តែ ជិតស្និទ្ធ សំដៅបង្កើនការគាំទ្រដល់សហគ្រាសធុន តូច និង មធ្យម ក៏ដូចជា ចូលរួម ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និង ការធានាឥណទាន ដើម្បីជួយឲ្យ​សហគ្រាសធុន តូច និង មធ្យម កម្ពុជា មានលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្ម និង រីកលូតលាស់ បានរហ័ស, មានភាពរឹងមាំ, មានភាពធន់ និង មានសមត្ថភាព ប្រកួតប្រជែងកាន់តែខ្ពស់ ក្នុងទីផ្សារជាតិ និង អន្តរជាតិ ។