អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែ ដើម្បីធ្វើយ៉ាងណា កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សានេះ
ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមិថុនា២០២៦នេះ បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលរាជធានី មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌចំនួន៦ចុះពិនិត្យមើលលទ្ធផលស្ដារប្រឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក និងពិនិត្យស្ថានីយ៌បូមទឹកលូ៥ ក្នុងខណ្ឌមានជ័យ និងស្ថានីយ៌បូមទឹក បឹងតាមាត ក្នុងខណ្ឌដង្កោ អនុវត្តដោយមន្ទីរសាធារណការ ដែលជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយការងារស្ដារប្រឡាយនិងស្ថានីយ៌បូមទឹកទាំងអស់ខាងលើធ្វើយ៉ាងណាដើម្បីបញ្ជៀស កុំឱ្យជំនន់ទឹកភ្លៀងលិចលង់លំនៅដ្ឋានប្រជាពលេដ្ឋនារដូវវស្សានេះ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី១០មិថុនានេះ។
លោកស្រីបន្តថា៖ការស្ដារប្រឡាយទាំងអស់នេះ គឺជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបានដាក់ឲ្យខណ្ឌនីមួយៗអនុវត្តកន្លងមក ហើយបើតាមផែនការនេះ ក្រុមការងារនឹងធ្វើការស្ដារប្រឡាយរហូតដល់ជើងឯក ហើយផែនការនេះសុទ្ធតែជាកញ្ចប់ថវិកានិងប្រេងឥន្ធនៈរបស់រដ្ឋបាលរាជធានីភ្នំពេញទាំងអស់។
ចំណែកលោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងដែរថា៖ នាឱកាសនៃការចុះពិនិត្យមើលឡាយជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរខណ្ឌធ្វើការជីកស្ដារប្រឡាយតភ្ជាប់ប្រឡាយទួលពង្រ ចាប់ពីផ្លូវតុងហ្គា រហូតដល់ប្រឡាយលូប្រាំ ជាមួយនឹងការដាក់លូខ្នាតធំ ឆ្លងកាត់ផ្លូវចំនួន២កន្លែង ជំនួសលូចាស់ដែលតូចចង្អៀត។
ក្រុមការងារបន្តស្ដារដៃប្រឡាយយទួលពង្រ និងបុកស៊ីផាយ២កន្លែង ត្រង់ផ្ទះប្រជាពលរដ្ឋ។ សិក្សាដូរទីតាំងស្ថានីយ៍បូមទឹកក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដើម្បីជៀសវាងផលប៉ះពាល់ ការរស់នៅដ្ឋានរបស់ប្រជាពលរដ្ឋ។
លោកសាំ ពិសិដ្ឋ បន្ថែមពីនេះទៀត ឯកឧត្តមឃួង ស្រេងក៏បានណែនាំឲ្យបន្តស្ដារប្រឡាយភូមិម័រនិងការដាក់បំភ្លើងបំភ្លើងសាធារណៈតាមផ្លូវស្របតាមប្រឡាយទូលពង្រ ក្នុងខណ្ឌពោធិសែនជ័យនេះផងដែរ។
ពាក់ព័ន្ធប្រឡាយទួលពង្រមានប្រវែង ៥៥៦៦ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ម្ដុំវត្តជម្ពូវ័នរហូតដល់ប្រឡាយលូប្រាំ។ ចំពោះសកម្មភាពស្ដារប្រឡាយទួលពង្រនេះ ក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការកាយប្រឡាយនេះបានប្រមាណជាង៤០០០ ម៉ែត្រហើយ នៅសល់ប្រមាណជាង១០០០ម៉ែត្រប៉ុណ្ណោះដែលក្រុមការងារបាននិងកំពុងធ្វើការកាយ។ ការងារនេះអាចប្រើពេលប្រមាណជាមួយសប្តាហ៍ទៀតនឹងរួចរាល់ជាស្ថាពរ៕




