ឧត្តមសេនីយ៍ឯក អ៊ុំ សុខ ៖ក្នុងនាមឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញលើកទឹកចិត្តដល់កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ និងមានឆន្ទះខ្ពស់ក្នុងការថែរក្សាឧបករណ៍សម្ភារៈ គ្រឿងបំពាក់ និងការត្រៀមបម្រុង ពេលវេលាអនុវត្តន៏ពេលមានគ្រោះមហន្តរាយកើតឡើង

ពិធីចុះត្រួតពិនិត្យឧបករណ៍សម្ភារៈសង្គ្រោះរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខនាយរងសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន ខ.ភ.ម. និងជាអនុប្រធាន គ.ជ.គ.ម.តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងមានការចូលរួមពីអគ្គលេខាធិការរង ទីប្រឹក្សា និងមន្ត្រីជំនាញចូះពិនិត្យកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយចំនួន ២កងរបស់យោធភូមិភាគពិសេសលេខ ៧០៦និងកងពលតូចលេខ៧០លេខ ៧១០ និង៧១១ដើម្បីចុះត្រួតពិនិត្យសម្ភារៈ គ្រឿងបំពាក់ និងការត្រៀមបម្រុង ពេលវេលាអនុវត្តពេលមានគ្រោះមហន្តរាយកើតឡើង។
របាយការណ៍កងយោធភូមិភាគពិសេសលេខ ៧០៦និងកងពលតូចលេខ៧០បានអោយដឹងថាលទ្ធផលមធ្យោបាយសម្ភារៈគ្រឿងបំពាក់ របស់កងរុករក និងសង្គ្រោះគ្រោះមហន្ដរាយ
រួមមាន គ្រឿងបំពាក់ពី គ.ជ.គ.ម មានពិលដៃ មួកសុវត្ថិភាព ក្នុងពេលនេះបានឧបត្ថម្ភបន្ថែម មួក គ.ជ.គ.ម អាវយឺតហ្វឹកហ្វឺន បន្ថែមទៀត អាវពោង ឯកសណ្ឋានគ្រោះមហន្តរាយ បាឡូដាក់សម្ភារៈ ម៉ាស៊ីនភ្លើងចល័ត តង់ចល័ត ម៉ាស៊ីនបូមទឹក ទុយោម៉ាស៊ីនបូមទឹកខ្សែពួរ វិទ្យុ ទាក់ទងទូក ធំ និងទូកតូចម៉ាស៊ីនទូក ស្លាបចាក់ ជើងម៉ាស៊ីន ច្រវ៉ា ។ល។ ក្នុងពេលហ្វឹកហ្វឺនក្រុមការងារគ្រប់គ្រងរៀបចំទុកដាក់សម្ភារៈដែលបានប្រើប្រាស់ ដោយត្រួតពិនិត្យឃើញថាមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងប្រតិបត្តិការរុករកនិងសង្គ្រោះ ទាំងអស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបំពេញបេសកកម្មជួយសង្គ្រោះប្រកបដោយឆន្ទៈ និងមានភាពទទួលខុសត្រូវខ្ពស់ ខ្ញុំបាទសូមអរគុណចំពោះការខិតខំប្រឹងប្រែង និងសូមឱ្យខិតខំបន្តទៀតដើម្បី ឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងដោយយថាហេតុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខបានថ្លែងថាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយបានបង្កើតឡើងដោយ សម្តេចប្រធាន ដែលមាន ចំនួន ១៦កងដែលជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាលសម្រាប់ត្រៀមក្នុងការឆ្លើយតប និងជួយសង្គ្រោះប្រជាជន ដែលជួបនឹងគ្រោះមហន្តរាយផ្សេងៗដែលបង្កឡើងដោយកត្តាមនុស្ស និងកត្តាធម្មជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខបន្តថាជាការពិតណាស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយបានរួមចំណែកយ៉ាងសកម្មក្នុង ការជួយសង្គ្រោះដល់ប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ដូចជា អគ្គិភ័យ បាក់រលំអគារ គ្រោះទឹកជំនន់ និងការងារសង្គ្រោះគ្រោះមហន្តរាយផ្សេងៗទៀតដែលបានកើតឡើងដោយយថាហេតុ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ សុខបានលើកឡើងថាទិសដៅបន្តនិងជំរុញបន្ថែមយកចិត្តទុកដាក់ថែទាំឧបករណ៍សម្ភារៈសង្គ្រោះដែលរាជរដ្ឋាភិបាលបំពាក់អោយបានល្អហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយផ្សេងៗ តាមដានពីសភាពការណ៍ទូទៅជាប្រចាំ និងត្រៀមខ្លួនរួចជានិច្ចដើម្បីធ្វើការឆ្លើយតប និងសង្គ្រោះគ្រោះ មហន្តរាយទាន់ពេលវេលា។