គ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីននាព្រឹកថ្ងៃចន្ទនេះ ជាបឋមបណ្តាលឱ្យមានមនុស្ស៤នាក់ស្លាប់ និង ជាង២០០នាក់របួស និង គំរាមកំហែងពីរលកយក្ស Tsunami កម្ពស់ជាង១ម៉ែត្រ
គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រដែលបានកើតឡើងឯទីតាំងនាយសមុទ្រប្រទេសហ្វីលីពីនភាគខាងត្បូង នាព្រឹកថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងហោចណាស់៤នាក់ និង របួសជាង២០០នាក់ នេះជាតួរលេខបឋម។ ទំហំខូចខាតត្រូវគេបានរាយការណ៍នៅក្នុងទីក្រុងធំមួយនៅជិតចំណុចកណ្តាលរញ្ជួយដីនាព្រឹកថ្ងៃចន្ទនេះដែរ។ នៅក្នុងរូបភាពវីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គម ចេញពីសាលាបឋមសិក្សា Mahayahay គឺមានក្មេងៗជាសិស្សសាលាបានស្រែកយំយ៉ាងទ្រហឹងអឺងកង ក្នុងសភាពភ័យស្លន់ស្លោរអំឡុងពេលនៃគ្រោះរញ្ជួយដី ដោយបានរំលំដំបូលសាលារៀនរបស់ពួកគេរៀបដល់ដីតែម្តង។ អ្នកគ្រប់គ្រងសាលាបាននិយាយថា “យើងពិតជាអរគុណខ្លាំងណាស់ដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយជម្លៀសសិស្សានុសិស្សតូចៗចេញមកក្រៅទាន់ពេលវេលានិងឃុំគ្រងពួកគេមិនឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងភាពម៉ត់ចត់របស់បុគ្គលិកទាំងអស់ប្រកបឆន្ទៈ អំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិនេះ។ មិនមានរបាយការណ៍ពីករណីសិស្សរបួសនោះទេ ហើយថ្នាក់រៀនត្រូវបានផ្អាកជាបន្ទាន់ដែរ បន្ទាប់ពីការវាយតម្លៃនៃសុវត្ថិភាព ជាកត្តាចាំបាច់បំផុត។ សូមបញ្ជាក់ថាគ្រោះរញ្ជួយដីនេះនាព្រឹកនេះ នៅប្រទេសហ្វីលីពីនក៏បានបង្កឱ្យមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិកម្ពស់១ម៉ែត្រ ផងដែរ ដែលមានរលកទឹកសមុទ្របានបោកបក់មកលើឆ្នេរនៅក្បែរខាងនោះ ហើយកម្រិតរញ្ជួយក៏ត្រូវរង្កើទៅដល់ប្រទេសជិតខាងដែរ រួមមានប្រទេសឥណ្ឌូណេស៊ី និង ប្រទេសជប៉ុន នេះបើយោងតាមសារព័ត៌មានបរទេសដែលបានចុះផ្សាយនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍៕

សម្រួលអត្ថបទ៖ សុផារិន្ទ



