ប្រជាជននៅប៉ាគីស្ថានជាច្រើនរយនាក់បានត្រៀមខ្លួនដោយរៀបចំលម្អទីកន្លែងនានាដើម្បីទស្សនា-គាំទ្រព្រឹត្តិការណ៍ FIFA World Cup 2025 បើទោះបីជាប្រទេសខ្លួនមិនបានចូលរួមប្រកួតក្តី
ការកើនកម្តៅចំពោះកីឡាបាល់ទាត់កំពុងបាននឹងគ្របដណ្ដប់សង្កាត់មួយក្នុងទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន ខណៈដែលសេចក្តីរំភើបរីករាយចំពោះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ ឈានជិតចូលមកដល់នៅចុងសប្តាហ៍នេះ។ ប្រទេសប៉ាគីស្ថានប្រហែលជាមិនចូលរួមលេងក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦នេះទេ ប៉ុន្តែនោះមិនមានន័យថាមនុស្សមិនចាប់អារម្មណ៍នោះដែរ។ នៅតាមដងផ្លូវតូចចង្អៀតនៃទីក្រុងលីអារី ដែលជាតំបន់មានប្រជាជនរស់នៅច្រើននៃមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រទេសប៉ាគីស្ថាន បានបង្ហាញពីក្តីរំភើបរីករាយសម្រាប់ការប្រកួតបាល់ទាត់លំដាប់ពិភពលោកកំពុងដំណើរការយ៉ាងពេញទំហឹង ទោះបីជាវាត្រូវបានកំណត់ឱ្យធ្វើឡើងនៅទីតាំង៣ផ្សេងគ្នា ដែលមានចំងាយរាប់ពាន់ម៉ាយ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកក៏ដោយ។ ផ្លូវថ្នល់មួយចំនួនត្រូវបានតុបតែងលម្អដោយទង់ជាតិ និងជញ្ជាំងលាបពណ៌ដោយស្នាដៃសិល្បៈនានាសម្រាប់លម្អរក្នុងប្រធានបទបាល់ទាត់ពិភពលោកដែរ។ អ្នកគាំទ្របាល់ទាត់ម្នាក់ឈ្មោះ Shah Murad ដែលកំពុងគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងការប្រកួតកីឡារដូវក្តៅនេះ បាននិយាយថា “យើងបានត្រៀមចាំព្រឹត្តិការណ៍នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងមិនបានត្រៀមខ្លួនសម្រាប់ពិធីបុណ្យ Eid ឲ្យបានធំដុំដូចយើងបានត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ FIFA នោះទេ”។ ប្រេស៊ីល និងអាហ្សង់ទីន គឺជាអាយដលបាល់ទាត់ដែលបានគ្របដណ្ដប់លើទង់ជាតិ និងរូបភាពនានា ដែលមានមនុស្សជាច្រើនបានគាំទ្រក្រុមទាំងពីរនេះ នៅក្នុងប្រទេសប៉ាគីស្ថាន។ សម្រាប់អ្នកស្រុកជាច្រើន កីឡាបាល់ទាត់គឺមានភាពពេញនិយមច្រើនជាងកីឡាធម្មតា។ វាបម្រើការជាប្រភពនៃមោទនភាពសហគមន៍ និងជាមធ្យោបាយមួយដើម្បីចូលរួមជាមួយយុវជនក្នុងសកម្មភាពស្ថាបនានានា។ ក្តីរំភើបរីករាយនេះគឺគួរឱ្យកត់សម្គាល់ខ្លាំងណាស់ ជាពិសេសដោយសារតែវត្តមានមានកំណត់របស់ប្រទេសប៉ាគីស្ថាននៅលើឆាកបាល់ទាត់អន្តរជាតិ។ ប្រទេសប៉ាគីស្ថានមិនដែលមានសិទ្ធិទៅលេងព្រឹត្តិការណ៍ World Cup ទេ ប៉ុន្តែចំណង់ចំណូលចិត្តនៃប្រជាជនប៉ាគីស្ថានចំពោះកីឡានេះនៅតែដិតដល់យ៉ាងខ្លាំងនៅក្នុងទីក្រុង លីអារី ដែលត្រូវបានចាត់ទុកកីឡាបាល់ទាត់ថាជាបេះដូងនៃប្រទេសរបស់ពួកគេជាយូរមកហើយ៕

សម្រួលអត្ថបទ៖ សុផារិន្ទ



