ឯកឧត្តម ឈួរ សុបញ្ញា : សម្តេចព្រះធម្មលិខិតប្រោសព្រំព្រះពរជ័យ និងឧបត្ថម្ភវីរកងទ័ព ដើម្បីបន្តបំពេញភារកិច្ចការពារស្មារតីជាតិ សាសនា និងការពារអធិបតេយ្យភាព
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានសម្របសម្រួលឱ្យវិរៈកងទ័ពនៃកងទ័ពការពារព្រំដែន វរសេនាតូច ២៥២ ទិសដៅច្រកថ្មដូន ខេត្តឧត្តរមានជ័យ អញ្ជើញចូលក្រាបថ្វាយបង្គំ សុំពរជ័យពីសម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម។សាសនាជាគ្រឹះកម្លាំងចិត្ត កងទ័ពជាគ្រឹះជាតិ ដែលត្រូវរួមគ្នារក្សាសន្តិភាព និងអធិបតេយ្យភាពកម្ពុជា”
ឯកឧត្តមមានប្រសាសន៍ថា ក្នុងឱកាសដ៏មានអត្ថន័យនេះ វីរកងទ័ពបានសម្ដែងនូវការគោរព និងសទ្ធាជ្រះថ្លាចំពោះសម្តេច ដែលជាព្រះមហាថេរមួយព្រះអង្គក្នុងចំណោមព្រះមហាថេរសង្ឃរបស់យើង ដែលតែងតែយកព្រះទ័យបណ្តុះបណ្តាលសីលធម៌ បង្កើនស្មារតីជាតិតាមរយៈការនិមន្តចុះសួរសុខទុក្ខដោយផ្ទាល់ និងលើកទឹកចិត្តកងកម្លាំងគ្រប់ប្រភេទ ពិសេសកងទ័ពជួរមុខរបស់យើង និងប្រជាពលរដ្ឋទូទៅ។ ការចូលក្រាបថ្វាយបង្គំនេះ មិនត្រឹមជាការសុំសិរីសួស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលយកកម្លាំងចិត្ត និងពន្លឺធម៌អប់រំចិត្ត ដើម្បីបន្តបំពេញភារកិច្ចការពារបូរណភាពទឹកដីជាតិ។ ព្រមជាមួយនោះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល បានប្រសិទ្ធព្រះពរជ័យ ដោយលើកទឹកចិត្តឱ្យវីរកងទ័ពបន្តរក្សាស្មារតីក្លាហាន ស្មោះត្រង់ សាមគ្គីភាព និងគោរពជានិច្ចនូវបទបញ្ជារបស់ថ្នាក់ដឹកនាំកងទ័ពនៃយើង ពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារជាតិ មាតុភូមិ និងប្រជាជន។ សម្តេចបានផ្តាំផ្ញើឱ្យកងទ័ពយើងយកសីលធម៌ និងវិន័យជាគោលដៅ ដើម្បីក្លាយជាកងកម្លាំងមានគុណភាព និងមានកិត្តិយសក្នុងសង្គមជាតិ។ ក្នុងឱកាសនោះផងដែរ សម្តេចបានប្រគល់បច្ច័យមួយចំនួនជូនដល់វីរកងទ័ព និងបានត្រៀមប្រគល់ម៉ូតូចំនួន ២គ្រឿង នៅពេលខាងមុខ ដើម្បីគាំទ្រដល់ការបំពេញភារកិច្ចនៅតំបន់ព្រំដែន។ ការឧបត្ថម្ភនេះ ជាការបង្ហាញពីសទ្ធាជ្រះថ្លា និងការយកចិត្តទុកដាក់របស់សម្តេចចំពោះសុខទុក្ខ និងតួនាទីដ៏សំខាន់របស់វីរកងទ័ពជួរមុខ។ ព្រះសកម្មភាពនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការរួមចំណែករវាង សាសនា និងកងកម្លាំងការពារជាតិ ក្នុងការពង្រឹងស្មារតីជាតិ សាមគ្គីភាព និងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិឱ្យបានរឹងមាំ និងយូរអង្វែង។




