មណ្ឌលថែទាំមនុស្សចាស់ និងអ្នកជំងឺផ្លូវចិត្ត នៅប្រទេសស្រីលង្កាត្រូវអគ្គីភ័យលេបត្របាក់បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់ និងរបួស៨នាក់

មានអគ្គីភ័យឆាបឆេះនៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនាភាគខាងលិចប្រទេសស្រីលង្កា បណ្តាលឲ្យអ្នកស្រុកយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និងរបួស ៨នាក់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ប៉ូលីស។ អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាយប់ចូលថ្ងៃព្រ.ហ ម្សិលមិញនៅផ្ទះមួយខ្នង ក្នុងទីប្រជុំជន Anguruwatota។ ទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពរបស់អ្នកពន្លត់អគ្គីភ័យ សកម្មភាពប៉ូលីស និងអ្នកស្រុកដែលបានព្យាយាមជួយពន្លត់និងទប់ស្កាត់អគ្គីភ័យដ៏សន្ធោសន្ធៅ។ អ្នកដែលត្រូវបានគេជួយសង្គ្រោះ តាមរយៈក្រុមប៉ូលីស និងទាហាន បានបញ្ជូនពួកគេទៅកាន់ទីតាំងសុវត្ថិភាព និង នាំយកខ្លះទៅព្យាបាល។ ប៉ូលីសបាននិយាយថា អ្នកស្រុកចំនួន ៥១ នាក់ត្រូវបានគេជួយសង្គ្រោះ ដោយក្នុងនោះក៏មានអ្នកដែលមានជំងឺផ្លូវចិត្ត ក៏បានស្នាក់នៅទីតាំងនោះផងដែរ។ ប្រធានមណ្ឌលថែទាំមនុស្សចាស់នោះ ត្រូវបានគេចាប់ខ្លួនពីបទសង្ស័យថាបណ្តាលឱ្យមានមនុស្សស្លាប់ដោយសារភាពធ្វេសប្រហែស ហើយការស៊ើបអង្កេតលម្អិតកំពុងដំណើរការ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ