បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa មួយចំនួនបានរងរបួស ក្នុងឧប្បត្តិហេតុកង់ច្រមុះខាងមុខនៃតួរយន្តហោះ Boeing បានបាក់រលំផ្កាប់មុខមុនពេលហោះហើរ

បុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa បានរងរបួសបន្ទាប់ពីកង់រត់ខាងមុខនៃច្រមុះយន្តហោះដែលចតចាំ បានបាក់រលំផ្កាប់មុខខាងមុខដោយមិននឹកស្មានដល់នៅអាកាសយានដ្ឋាន Frankfurt កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ហេតុការណ៍នេះបានកើតឡើងមុនពេលមានអ្នកដំណើរត្រូវបានគេកំណត់ឱ្យឡើងយន្តហោះ តាមការគ្រោងទុកគឺចេញដំណើរពី Frankfurt ទៅកាន់ Los Angeles។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា ឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងយន្តហោះ Boeing 787-9 Dreamliner នេះបានកើតឡើងនៅពេលដែលវាចតចោលនៅច្រកទ្វាររង់ចាំអ្នកដំណើរ ដោយមានតែសមាជិកអាកាសយានិក និងបុគ្គលិកប្រចាំព្រលាននៃយន្តហោះនោះតែប៉ុណ្ណោះ។ ក្រុមហ៊ុន Lufthansa បាននិយាយនៅក្នុងអ៊ីមែលមួយរបស់ខ្លួនថា “បុគ្គលិកជាច្រើននាក់បានរងរបួស ហើយកំពុងទទួលការព្យាបាល”។ ក្រុមហ៊ុននេះ និងអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើបអង្កេតចំពោះមូលហេតុ និង កាលៈទេសៈជាក់ស្តែងនៃឧប្បត្តិហេតុនេះ បើទោះបីជាអ្នកដំណើរខ្លះហាក់មានភាពតក់ស្លុតចំពោះហេតុការណ៍នេះក៏ដោយ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ