ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិឥណ្ឌូណេស៊ី និងមន្ត្រី២រូបត្រូវដកដំណែងភ្លាមៗ និងចាប់ឃុំខ្លួនពីបទពុករលួយលួចកិបកេងថវិកាគម្រោងរាប់ពាន់លានដុល្លារអាម៉េរិក

ប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិឥណ្ឌូណេស៊ីដែលទើបត្រូវបានបណ្តេញចេញពីតំណែងថ្មីៗនេះ ត្រូវបានចាប់ខ្លួនហើយកាលពីថ្ងៃម្សិលមិញ ពីបទចោទប្រកាន់ប្រព្រឹត្តិអំពើពុករលួយទាក់ទងនឹងកម្មវិធីផ្តល់អាហារឥតគិតថ្លៃរាប់ពាន់លានដុល្លារអាម៉េរិក។ កម្មវិធីនេះបានបំពេញតាមការសន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតី Prabowo Subianto និងមានគោលបំណងប្រយុទ្ធប្រឆាំងនឹងស្ថានភាពកង្វះអាហារូបត្ថម្ភដោយចិញ្ចឹមកុមារ និងស្ត្រីមានផ្ទៃពោះជិត៩០លាននាក់។ ប៉ុន្តែវាបានរងការរិះគន់យ៉ាងខ្លាំងដោយសារតែការចំណាយខ្ពស់ និងករណីពុលអាហារក្នុងចំណោមសិស្សសាលាដែលបានទទួលទានអាហារពីកម្មវិធីនោះ។ លោក Prabowo បានបណ្តេញលោក Dadan Hindayana ចេញពីតំណែងកាលពីថ្ងៃអង្គារ ហើយជំនួសដោយអនុប្រធានទីភ្នាក់ងារវិញ។ អ្នកស៊ើបអង្កេតបានឆែកឆេរការិយាល័យនៃទីភ្នាក់ងារកាលពីព្រឹកម្សិលមិញ មុនពេលដែលការិយាល័យអគ្គព្រះរាជអាជ្ញាឥណ្ឌូណេស៊ីសម្រេចចេញប្រកាសចាប់ខ្លួនលោក Hindaya ដែលត្រូវបានគេមើលឃើញថាលោកចេញមកដោយមានជាប់ខ្នោះដៃ ពាក់អាវកាក់អ្នកទោស និងនាំចូលទៅកាន់រថយន្តពន្ធនាគារពណ៌បៃតង។ ព្រះរាជអាជ្ញាក៏បានចាប់ខ្លួនជនសង្ស័យពីរនាក់ផ្សេងទៀតដែររួមមានលោក Sony Sonjaya អនុប្រធានផ្នែកផ្គត់ផ្គង់អាហារូបត្ថម្ភ និង Lodewyk Pusung ជាអនុប្រធានផ្នែកអភិវឌ្ឍន៍អង្គការ និងទំនាក់ទំនងស្ថាប័ន។ អ្នកទាំងពីរត្រូវបានបណ្តេញចេញពីតំណែងដូចគ្នាកាលពីថ្ងៃអង្គារ។ លោក Syarief Sulaeman Nahdi ជានាយកផ្នែកស៊ើបអង្កេតនៃការិយាល័យរដ្ឋអាជ្ញា បានប្រាប់អ្នកយកព័ត៌មានថា អ្នកទាំង៣ត្រូវបានជាប់ឈ្មោះជាជនសង្ស័យ “នៅក្នុងការស៊ើបអង្កេតពីបទព្រហ្មទណ្ឌនៃអំពើពុករលួយទាក់ទងនឹងការគ្រប់គ្រងកម្មវិធីអាហារបំប៉នឥតគិតថ្លៃនៅទីភ្នាក់ងារអាហារូបត្ថម្ភជាតិសម្រាប់ឆ្នាំ ២០២៥-២០២៦”។ កម្មវិធីអាហារបំប៉នឥតគិតថ្លៃត្រូវបានអនុវត្តតាមរយៈមូលនិធិដែលដំណើរការនៅក្នុងសាលារៀន។ អ្នកស៊ើបអង្កេតបានចោទប្រកាន់ថាមូលនិធិទាំងនេះថាបានប្រើប្រាស់កម្មវិធីដើម្បីសម្រួលដល់សកម្មភាពឧក្រិដ្ឋកម្ម និងត្រូវបានភ្ជាប់ទៅនឹងមន្ត្រី និងបុគ្គលិករបស់ទីភ្នាក់ងារជាច្រើននាក់។ លោកប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo មានគោលបំណងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភ និងជួយកសិករដោយការទិញដំណាំ ប៉ុន្តែក្រុមអ្នករិះគន់ជាច្រើនបានសួរថាតើកម្មវិធីនេះមានតម្លៃសមរម្យ និងអាចធ្វើទៅបានខាងភស្តុភារនៅក្នុងដែនដីប្រជុំកោះដ៏ធំមានប្រជាជនជាង២៨២នាក់នេះបានយ៉ាងដូម្តេច ? ខណៈកម្មវិធីផ្តល់អាហារបំប៉ននេះត្រូវបានគេរំពឹងថានឹងចំណាយថវិកាអស់ ២៨ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៩ ឯណោះ៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ