អភិបាលខេត្តមណ្ឌលគិរី ចុះសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីក្រោមឱវាទ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាជីវករដែលកំពុងប្រកបរបរលក់ដូរនៅក្នុងផ្សារសែនមនោរម្យ។

នៅក្នុងឱកាសចុះសាកសួរសុខទុក្ខនោះ ឯកឧត្ដម គង់ គឹមនី អភិបាលខេត្ត បានសម្តែងនូវការគិតគូរ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានោះដែរ ឯកឧត្ដម បានជជែកលេងយ៉ាងស្និទ្ធស្នាល ស្វែងយល់ពីការលក់ដូរ និងបាននាំនូវការផ្តាំផ្ញើដ៏មានសារៈសំខាន់ដល់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្ដម បានណែនាំ និងជំរុញឱ្យបងប្អូនអាជីវករទាំងអស់ ចូលរួមទុកដាក់កាកសំណល់ និងសំរាមឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដើម្បីរក្សាបាននូវសោភ័ណភាពផ្សារ បរិស្ថានស្អាត និងការពារសុខភាពខ្យល់ដង្ហើមរបស់ទាំងអ្នកលក់ និងអ្នកទិញ ហើយត្រូវរៀបចំសម្ភារៈ និងទំនិញលក់ដូរឱ្យមានរបៀបរៀបរយ មិនត្រូវរំលោភលើផ្លូវដើរ ឬចំណីផ្លូវសាធារណៈឡើយ ដើម្បីបង្កលក្ខណៈងាយស្រួល ធំទូលាយ និងមានសុវត្ថិភាពខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋដែលរកទិញទំនិញនៅក្នុងផ្សារ។

ឯកឧត្ដម គង់ គឹមនី ផ្តាំដល់អាជីវកទាំងអស់ សូមការរួមគ្នាថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងផ្សារសែនមនោរម្យ ឱ្យបានល្អប្រសើរ និងធំទូលាយស្រឡះល្អ គឺមិនត្រឹមតែជួយឱ្យការលក់ដូររបស់បងប្អូនមានអតិថិជនគាំទ្រច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់មុខមាត់ និងសោភ័ណភាពទីក្រុងទេសចរណ៍របស់ខេត្តយើងផងដែរ។

សកម្មភាពចុះសួរសុខទុក្ខប្រកបដោយភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តនាពេលនេះ ទទួលបានការត្រេកអរ និងការគាំទ្រយ៉ាងខ្លាំងពីបងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដោយពួកគាត់បានសន្យានឹងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឱ្យផ្សារសែនមនោរម្យមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អជានិច្ច៕