ស្ពានខ្ពស់បំផុតលើពិភពលោកនៅប្រទេសចិនបានពង្រួញការបើកបរជាង២ម៉ោង មកត្រឹម២នាទី! និងប្រែក្លាយតំបន់ភ្នំដាច់ស្រយាលឱ្យរស់រវើកឡើងវិញជាមួយ 5G ល្បឿនដ៏លឿនបំផុត

ស្ពាន Huajiang Grand Canyon ដែលមានទីតាំងនៅក្នុងខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន ដែលព័ទ្ធដោយភ្នំខ្ពស់ មានប្រវែង ៦២៥ម៉ែត្រពីលើទន្លេក្នុងជ្រលងភ្នំមួយបានលាតសន្ធឹងក្នុងបណ្តោយប្រវែង ២.៨៩០ម៉ែត្រ ជាមួយនឹងទទឹងប្រវែង ១.៤២០ ម៉ែត្រ។ ចាប់តាំងពីវាបានបើកឱ្យធ្វើចរាចរណ៍នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ វាបានជួយច្រើនក្នុងការកាត់បន្ថយការបើកបរដ៏គ្រោះថ្នាក់ និងផ្លូវវាងបានរយៈពេល២ម៉ោងដោយឆ្លងកាត់ជ្រលងភ្នំនេះ មកត្រឹមការឆ្លងកាត់ដ៏ងាយស្រួលក្នុងរយៈពេល២នាទីប៉ុណ្ណោះ។ វាក៏បានជួយលើកកំពស់ជីវភាពភូមិជនជាតិភាគតិចនៅក្បែរនោះដែរ ឱ្យចេញពីភាពឯកោខាងភូមិសាស្ត្រ ដោយផ្តល់ឱ្យអ្នកភូមិនូវលទ្ធភាពទទួលបានការងារក្នុងទីក្រុង មន្ទីរពេទ្យ និងសាលារៀនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបង្កើនល្បឿននៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយបំពាក់ឧបករណ៍ទំនើបជាក់ស្តែងដើម្បីធ្វើទំនើបកម្មពីតំបន់ដាច់ស្រយាល និងជំរុញទេសចរណ៍ក្នុងស្រុកដែលមានស្រាប់។ លោក Lin Guoquan ជាអ្នកស្រុកនៃភូមិ Xiaohuajiang មានទីតាំងនៅក្រោមស្ពាននេះ បានកំពុងនឹងប្រើប្រាស់បណ្តាញអ៊ីធើណែត 5G សម្រាប់ការផ្សព្វផ្សាយដោយផ្ទាល់អំពីអាជីវកម្មផ្ទះស្នាក់នៅរបស់គាត់។ ចាប់តាំងពីខែតុលាឆ្នាំមុន លោក Lin មានអ្នកចូលទស្សនាជាង ៤៧.០០០ នាក់នៅក្នុងផ្ទះស្នាក់ចំនួន ១៤ របស់លោកនៅក្នុងភូមិក្រោមស្ពាន។ លោក​បាន​សរសើរនូវ​ការរីកចម្រើន​អាជីវកម្ម​របស់លោក​ចំពោះ​ការសាងសង់​ស្ពាន​ដ៏ធំនេះ និង​បណ្តាញអ៊ីធើណែត​ល្បឿន​លឿន​លើ​តំបន់​ដាច់ស្រយាល​ជា​ប្រវត្តិសាស្ត្រនេះ។ លោក​បាននិយាយ​ថា “ឥឡូវនេះ យើង​ត្រូវ​ចំណាយពេល៧​នាទី​ដើម្បី​បើកបរ​ទៅ​ច្រកចូល​ផ្លូវហាយវេ ហើយ​បន្ទាប់មក​យើង​អាច​ទៅដល់​ទីក្រុង Guiyang (អតីតរដ្ឋធានី Guizhou) ដោយផ្ទាល់បាន”។ “កាលពីមុន យើងត្រូវចំណាយពេល៦ ឬ៧ម៉ោង​តាមផ្លូវភ្នំ​កោង​ដើម្បី​ទៅដល់​ទីក្រុង Guiyang បាន”។ ជាមួយនឹងការដំឡើង​បណ្តាញអ៊ីនធើណែត 5G លើតំបន់​ដែល​មនុស្ស​មិនអាច​ប្រើប្រាស់​ទូរស័ព្ទដៃ លោក Lin និង​អ្នកភូមិ​របស់គាត់​ឥឡូវនេះគឺ​អាច​ផ្សព្វផ្សាយ​រូបភាព​បាន​ភ្លាមៗ និង​ទទួលយក​ការកក់​ស្នាក់នៅប្រកបដោយ​ប្រសិទ្ធភាពបានយ៉ាងលឿន។ ចំណែកលោក Pan Cong ជាវិស្វករ​នៃបណ្តាញ​ China Mobile Guizhou បាន​និយាយ​ថា “កន្លែង​នេះ​មាន​លក្ខខណ្ឌ​ភូមិសាស្ត្រ​ស្មុគស្មាញ ហើយ​យើង​ត្រូវ​ពិចារណា​ពី​តម្រូវការ​នៃ​ការគ្របដណ្តប់​បណ្តាញ ដូច្នេះ​យើង​ត្រូវ​ជ្រើសរើស​ដាក់ពង្រាយ​ស្ថានីយ៍​មូលដ្ឋាន​នៅលើ​ភ្នំ​ដែលមាន​កម្ពស់​ខ្ពស់បំផុត ឬ​នៅ​គែម​ច្រាំងថ្មចោទ ដើម្បី​គ្របដណ្តប់​តំបន់​ទាំងមូល​ប្រកបដោយ​ប្រសិទ្ធភាពបាន ជាហេតុធ្វើឲ្យអ្នកភូមិ និង អ្នកដំណើរឆ្លងកាត់ស្ពាននេះអាចប្រើប្រាស់អ៊ីធើណែតបានលឿន និង ទំនាក់ទំនងគ្នាបានយ៉ាងងាយស្រួល៕
 
សម្រួលអត្ថបទ៖ សុផារិន្ទ