វិបត្តិសំរាមស្អុយស្អុរស្អាប់បានកំពុងលេបត្របាក់បរិស្ថានក្នុងទីក្រុង Havana ប្រទេសគុយបានដោយសារកង្វះខាតប្រេងឥន្ធនៈ និងដាច់ចរន្តអគ្គិសនីពីឥទ្ធិពលសង្រ្គាមនៅអ៊ីរ៉ង់
ថ្មីៗនេះនៅប្រទេសគុយបា សីតុណ្ហភាពបានកើនឡើង ហើយភាពថប់បារម្ភក៏បានកើនឡើងដែរក្នុងចំណោមអ្នករស់នៅតាមដងផ្លូវមួយចំនួនក្នុងទីក្រុងហាវ៉ាណា។អាក្ការៈរបស់ពួកគេគឺផ្តោតចេញពីកន្លែងចាក់សំរាមនៅលើចិញ្ចើមផ្លូវ ជាមួយនឹងសំណល់អាហាររលួយ ថង់រហែក ក្រដាសកាតុង កេសស្នោរ និងកម្ទេចកម្ទីនានា។ ហ្វូងសត្វរុយ និងឆ្មាវង្វេងហ្វូងបានប្រមូលផ្តុំគ្នានៅជុំវិញទីតាមងចាក់សំរាមដែលមានក្លិនស្អុយ បក់មកលើខ្យល់ពីសមុទ្រក្បែរខាងនោះ ពិតជាប្រភពនាំឲ្យមនុស្សថប់ដង្ហើម និង ថប់បារម្ភប្រាកដមែន។ ពលរដ្ឋឈ្មោះថា María Odalys Ramírez អាយុ៦៣ឆ្នាំដែលរស់នៅទល់មុខមន្ទីរពេទ្យ Hermanos Ameijeiras ដ៏ល្បីល្បាញរបស់រដ្ឋធានីនេះ បាននិយាយថានេះគឺជារឿងដ៏គួរឲ្យអាម៉ាស់ណាស់ វាជាភាពសោកសៅសម្រាប់អ្នកទីក្រុង។ អស់រយៈពេលជាច្រើនខែមកហើយ អ្នករស់នៅទីក្រុងហាវ៉ាណា ដែលជាជម្រករបស់ប្រជាជនជាង២លាននាក់ក្នុងចំណោមប្រជាជនជិត ១០លាននាក់របស់ប្រទេសគុយបា បានរស់នៅជាមួយគំនរសំរាមដែលកកកុញស្ទើរតែគ្រប់ជ្រុងនានានៃផ្លូវថ្នល់។ ស្ថានភាពកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការបិទច្រកថាមពលរបស់សហរដ្ឋអាមេរិក បានបង្កឱ្យដាច់ចរន្តអគ្គិសនី កង្វះខាតទឹក និងវិបត្តិប្រេងឥន្ធនៈដែលបានធ្វើឱ្យរថយន្តដឹកសំរាមរបស់រដ្ឋត្រូវជាប់គាំង។ បើគ្មានសេវាប្រមូលសម្រាមជាប្រចាំទេ ពលរដ្ឋរស់នៅបានចាប់ផ្តើមដុតសំរាមនៅតាមដងផ្លូវ ដែលធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមមន្ត្រីសុខាភិបាលអំពីផ្សែងពុលដែលអាចកើតមានលើបរិយាកាសបាន។ អ្នកស្រុកមានការភ័យខ្លាចថាខែខាងមុខនេះនឹងនាំមកនូវស្ថានភាពកាន់តែអាក្រក់ទៅៗ ខណៈដែលកំដៅរដូវក្តៅកាន់តែឡើងខ្លាំង និងរដូវកាលខ្យល់ព្យុះចាប់ផ្តើមដូចគ្នា។ ដំណើរទស្សនកិច្ចទូទាំងទីក្រុង បានបង្ហាញពីស្ថានភាពដូចគ្នានៅទូទាំងសង្កាត់នានាក្នុងទីក្រុង Havana ជាកន្លែងដែលអ្នកស្រុកបាននិយាយថា រថយន្តដឹកសំរាមឆ្លងកាត់មិនទៀងទាត់នោះទេ។ នៅកណ្តាលទីក្រុង និងនៅជាយក្រុងវិញ រថយន្ត កង់ និងអ្នកថ្មើរជើងបានដើរជុំវិញគំនរសំរាមពាសពេញទៅហើយ។ អ្នកផ្សេងទៀតក៏បានប្រមូលវាចេញ ដោយសង្ឃឹមថានឹងជួយសង្គ្រោះអ្វីដែលមានប្រយោជន៍បាន។ ទីក្រុង Havana គិតត្រឹមខែកក្កដាឆ្នាំមុន បានផលិតសំរាមរឹងមានទំហំស្មើនឹងអាងហែលទឹកក្នុងស្តាតអូឡាំពិក១ភាគ១២ដងជារៀងរាល់ថ្ងៃ នេះបើយោងតាមតួលេខក្រុងចុងក្រោយបំផុត ស្របពេលនោះគឺសេវាកម្មរថយន្តក្រុងអាចប្រមូលបានត្រឹមតែ ៥៧% ប៉ុណ្ណោះ! ចុះទម្រាំងតែស្ថានភាបបច្ចុប្បន្នគ្មានវិបត្តិថាមពលគ្មានអ្នកប្រមូលសម្រាមទៅទៀត..៕
សម្រួលអត្ថបទ៖ សុផារិន្ទ



