ព្យុះត្រូពិច Jangmi បានមកដល់ប្រទេសជប៉ុនហើយនៅព្រឹកថ្ងៃពុធនេះ! បង្កជាភ្លៀងខ្យល់បោកបក់យ៉ាងខ្លាំងលើទីក្រុងតូក្យូ បណ្តាលឱ្យផ្ទះជាង៥០០០ខ្នងត្រូវដាច់ចរន្តអគ្គិសនី

ប្រជាជននៅទីក្រុងតូក្យូពេលនេះបាននឹងប្រឈមនឹងស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងដែរ ខណៈដែលព្យុះត្រូពិចមួយបានខិតជិតកាន់តែកៀកដល់ភាគខាងកើត និង ភាគកណ្តាលប្រទេសជប៉ុននៅថ្ងៃពុធនេះ។
ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យចរាចរណ៍តាមដងផ្លូវនៅក្នុងទីក្រុងត្រូវជាប់គាំង ជើងហោះហើររាប់រយជើងត្រូវបានលុបចោល និងសេវាកម្មរថភ្លើងត្រូវបានផ្អាក ឬពន្យារពេល។ យោងតាមក្រុមហ៊ុន Tokyo Electric Power Company Holdings ដែលបម្រើតំបន់នានាក្នុងរដ្ឋធានីគឺមានផ្ទះជាង ៥០០០ ខ្នងបានដាច់ចរន្តអគ្គិសនី។ នៅក្នុងទីក្រុងតូក្យូ ប្រជាជននៅជិតទន្លេ Zenpukuji (ហ្សិនពុគូជិ) ត្រូវបានគេណែនាំឱ្យទៅរកទីជ្រកកោន។ រូបភាពវីដេអូពីទូរទស្សន៍បានបង្ហាញនូវទឹកភក់ដែលហើមជិតហៀរចេញពីទន្លេ។ ព្យុះត្រូពិច Jangmi បានធ្វើដំណើរទៅភាគខាងកើតទីក្រុង Shima នៅចន្លោះវេលាព្រឹកនេះ ខណៈដែលមានខ្យល់បក់ខ្លាំងបំផុតប្រហែលជា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន។ ទីភ្នាក់ងារនេះបានចេញសេចក្តីព្រមានអំពីទឹកជំនន់កម្រិតខ្ពស់បំផុតនៅក្នុងតំបន់មួយចំនួននៅភាគកណ្តាល និងភាគខាងកើតប្រទេសជប៉ុន ដោយជំរុញឱ្យប្រជាជនរស់នៅតាមដងទន្លេ និងនៅតំបន់ងាយរងគ្រោះត្រូវផ្លាស់ទីទៅរកកន្លែងខ្ពស់ដើម្បីរក្សាសុវត្ថិភាពពួកគេដែរ។ ព្យុះនេះបានបង្កជាភ្លៀងធ្លាក់កម្ពស់ ៥០សង់ទីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះនៅក្នុងតំបន់ Owase (អូវ៉ាសិន) នាភាគកណ្តាលប្រទេសជប៉ុន។ ទីភ្នាក់ងារសារព័ត៌មាន JMA បាននិយាយថា កម្ពស់ទឹកអាចឡើងដល់២០សង់ទីម៉ែត្របន្ថែមទៀត រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍ស្អែក នៅតំបន់មួយចំនួន រួមទាំងទីក្រុងតូក្យូផងដែរ។ ព្យុះ Jangmi បានបោកបក់ចូលដែនដីគោកនៅក្នុងខេត្ត Wakayama (វ៉ាកាយ៉ាម៉ា) ក្នុងកម្លាំងខ្យល់ព្យុះ ១២៦ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលដែលវាត្រូវរំកិលខ្លួនចូលទៅក្នុងដីគោក ហើយចុះខ្សោយវិញ៕

សម្រួលអត្ថបទ៖ សុផារិន្ទ