ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៧រូប

ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៧ ហើយពិធីនេះត្រូវបានធ្វើឡើងនៅសាលបន្ទប់រាជធានីភ្នំពេញ នៃទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងនេះដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញប្រកាសចូលកាន់តំណែងនាយនគរបាលជាន់ខ្ពស់ចំនួន ៧ រូប ដូចខាងក្រោម៖

ទី១. ឧត្តមសេនីយ៍ឯក លី ឡាយ ផ្ទេរពី ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ទៅជា អនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ។

ទី២. ឧត្តមសេនីយ៍ទោ ឡោ សុខា តែងតាំងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន។

ទី៣. ឧត្តមសេនីយ៍ទោ ពៅ កល្យាណ៖ ផ្ទេរពី អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ទៅជា អនុប្រធានសេនាធិការដ្ឋាន។

ទី៤. ឧត្តមសេនីយ៍ទោ ទិត្យ ប៊ុនណា៖ ដំឡើងពី អនុប្រធាននាយកដ្ឋាន ទៅជា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត។

ទី៥. ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ផ្ទេរពីអនុប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ ទៅជា ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ។

ទី៦. ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ដំឡើងពី អនុប្រធាននាយកដ្ឋាន ទៅជា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ និងទី ៧. ឧត្តមសេនីយ៍ត្រី ម៉េង ហ៊ុយ ដំឡើងពី ស្នងការរង ទៅជា ស្នងការ នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្ដុភារ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យបន្តខិតខំពង្រឹងអនុវត្តការងារបំពេញតួនាទីដឹកនាំ គ្រប់គ្រងកងកម្លាំងឲ្យបានត្រឹមត្រូវ ដោយត្រូវរក្សាពិសោធន៍ល្អៗ រួមជាមួយបច្ចុប្បន្នភាពលើចំណុចដែលមានការខ្វះខាត និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយយកចិត្តទុកដាក់សុខទុក្ខមន្ត្រីក្រោមឱវាទ ខណៈការដឹកនាំកម្លាំងត្រូវឲ្យមានតម្លាភាព ផ្ដល់យុត្តិធម៌ចំពោះកូនចៅ និងបែងចែកប្រគល់ភារកិច្ចដល់មន្ត្រីឲ្យចំជំនាញ កុំបែងចែកបក្ខពួក ត្រូវមានរបបប្រជុំទៀងទាត់ ត្រួតពិនិត្យការងារ និងតម្រង់ទិស និងត្រូវមានការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ តែត្រូវអនុវត្តវិន័យមន្ត្រីដែលប្រព្រឹត្តខុសឆ្គង ក្នុងករណីធ្ងន់ធ្ងរត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។ ជាមួយគ្នានេះ ត្រូវខិតខំបង្កើនស្នាដៃ កសាងអង្គភាព តាមរយៈការលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន រួមទាំងមន្ត្រីក្រោមឱវាទ ការអភិវឌ្ឍអង្គភាព ស្របតាមបរិបទឌីជីថល (ទំនើបកម្ម) និងបង្កើនការទំនាក់ទំនងរវាងនាយកដ្ឋាន និងអង្គភាពផ្សេងៗចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយផ្លាស់ប្តូរព័ត៌មានជំនាញទៅវិញទៅមក និងត្រៀមកម្លាំងសម្រាប់ចូលរួមក្នុងយន្តការផ្សេងៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

បន្ថែមពីនេះ ឯកឧត្តម ស ថេត បានដាក់បទបញ្ជាឲ្យគ្រប់អង្គភាពជំនាញពាក់ព័ន្ធ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យកាន់តែសកម្ម ខ្លាំងក្លាបន្ថែមទៀត។ ចំពោះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបិទទ្វារផ្ទះឲ្យជិត ពោលកុំឲ្យមានការជ្រៀតចូលពីខេត្តផ្សេងៗ ភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីធ្វើការបោសសម្អាតឲ្យបានស្អាត។

ចំពោះការងារប្រឆាំងបទល្មើសវិញ ត្រូវដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីលុបបំបាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម ករណីលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង និងករណីបាត់ក្មេងជាដើម។ ដោយឡែក ការបំពេញតួនាទីភារកិច្ច ត្រូវតែធ្វើឡើងក្រមសីលធម៌វិជ្ជាជីវៈឲ្យសាកសមជាមន្ដ្រីនគរបាលជាតិ៕