រុស្ស៊ីបានវាយប្រហារតាមដែនអាកាសសង្រ្គប់ទីក្រុងចំនួន៥របស់អ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ! ខណៈដឹងថាអ៊ុយក្រែនខ្វះខាតប្រព័ន្ធការពារដែនអាកាស ដោយសម្លាប់ជនស៊ីវិល២២នាក់ របួស១៣១នាក់

កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារតាមដែនអាកាសដ៏ធំមួយទៅលើទីក្រុងគៀវ និងទីក្រុងនានារបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទនេះ(ម៉ោងនៅក្នុងស្រុក) ដោយបានបានសម្លាប់ជនស៊ីវិល២២នាក់ និងរបួស ១៣១ នាក់។ យោងតាមកងទ័ពអាកាសរបស់ប្រទេសនេះ បានឲ្យដឹងថារុស្ស៊ីបានបាញ់មីស៊ីលចំនួន៧៣គ្រាប់ និងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៦៥៦ គ្រឿងស្រោចទៅលើប្រទេសអ៊ុយក្រែន ដោយគោលដៅសំខាន់ៗ រួមមានទីក្រុងគៀវ ភាគកណ្តាលទីក្រុងឌីនីប្រូ និងភាគខាងកើតទីក្រុងប៉ូលតាវ៉ា ទីក្រុងខាគីវ និងទីក្រុង Zaporizhzhia (ហ្សាប៉ូរីហ្សីយ៉ា)។ អគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតត្រូវបានខូចខាតនៅក្នុងស្រុកចំនួន៨របស់ទីក្រុងគៀវ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែដំណើរការនៅឡើយទេនាព្រឹកនេះ បើទោះបីជាមានការព្រមានថានឹងវាយប្រហារតាមអាកាសនៅតែមានប្រសិទ្ធភាពក៏ដោយ។ នៅភាគកណ្តាលទីក្រុងឌីនីប្រូ មន្ត្រីបាននិយាយថា ក្រុមជួយសង្គ្រោះដែលកំពុងស្វែងរកមនុស្សតាមគំនរបាក់បែកបន្ថែម ដោយរកឃើញសពកុមារអាយុ ៣ឆ្នាំម្នាក់ ក៏ដូចជាសពរបស់ស្ត្រីម្នាក់ និងកូនប្រុសអាយុ ៨ឆ្នាំរបស់នាងផងដែរ។ ប្រជាជនទីក្រុងគៀវពិតជាភ័យស្លន់ស្លោខ្លាំងណាស់ បន្ទាប់ពីរុស្ស៊ីបានព្រមានកាលពីសប្តាហ៍មុនដែរអំពីការវាយប្រហារដ៏ធំមួយ។ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបានបំផ្លាញ និងបង្ក្រាបមីស៊ីលចំនួន៤០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ៦០២ គ្រឿង។ ការវាយប្រហារដោយមីស៊ីលបាលីស្ទិកចំនួន ៣០គ្រាប់ មីស៊ីលបញ្ជាល្បឿន៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន៣៣គ្រឿង ត្រូវបានកត់ត្រាទុកនៅក្នុងទីតាំងចំនួន៣៨កន្លែង។ កម្ទេចកម្ទីពីយន្តហោះគ្មានមនុស្សបើកដែលត្រូវបានបំផ្លាញ បានធ្លាក់ចុះលើទីតាំងចំនួន ១៥ កន្លែង នេះបើយោងតាមកងទ័ពអាកាស។ ប្រធានាធិបតីរុស្ស៊ីលោក  Vladimir Putin បានពង្រឹងយុទ្ធនាការរបស់ទីក្រុងមូស្គូ បន្ថែមដោយកេងចំណេញស្ថានភាពនៃកង្វះខាតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវរកការគាំទ្របន្ថែមទៀតដែរពីសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ