អាជ្ញាធរខេត្តមណ្ឌលគីរី ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសាធារណៈសំខាន់ៗ ក្នុងក្រុងសែនមនោរម្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំក្រុមការងារ រួមមាន លោក-លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសាធារណៈសំខាន់ៗ ក្នុងក្រុងសែនមនោរម្យ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។
សកម្មភាពចុះត្រួតពិនិត្យផ្ទាល់នេះ បានធ្វើឡើងនៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន រួមមាន ទីតាំងផ្សាររាត្រី សួនកុមារសាធារណៈ និងការពិនិត្យលទ្ធភាពបច្ចេកទេសក្នុងការដោះស្រាយបញ្ហាកង្វះទឹក ក៏ដូចជាការស្តារ-កែលម្អសោភ័ណភាពនៅបរិវេណទំនប់សែនសុខដុម ដែលជាបេះដូង និងជាចំណុចទាក់ទាញដ៏សំខាន់មួយរបស់ក្រុងសែនមនោរម្យ។
ឯកឧត្តម គង់ គឹមនី មានប្រសាសន៍ថា ក្រុងសែនមនោរម្យ គឺជាមុខមាត់ដ៏សំខាន់របស់ខេត្តមណ្ឌលគិរី ដែលមានសក្តានុពលខ្ពស់ផ្នែកអេកូទេសចរណ៍ អាកាសធាតុ និងវប្បធម៌ជនជាតិដើមភាគតិច។ ហេតុនេះ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការបង្កើតឱ្យមានកន្លែងកម្សាន្តបៃតងដូចជាសួនកុមារ និងការរៀបចំផ្សាររាត្រីឱ្យមានរបៀបរៀបរយ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងស្នាក់នៅបានកាន់តែយូរ។ ការណ៍នេះ នឹងបង្កើតឱកាសការងារ និងការរកចំណូលដោយផ្ទាល់ដល់អាជីវករ និងប្រជាពលរដ្ឋក្នុងតំបន់ ជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ទន្ទឹមនឹងការលើកឡើងពីផែនការអភិវឌ្ឍន៍ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរជំនាញ និងអាជ្ញាធរក្រុង ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការសិក្សាដោះស្រាយបញ្ហាប្រព័ន្ធទឹកនៅទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ដើម្បីធានាឱ្យមានបរិមាណទឹកគ្រប់គ្រាន់ និងរក្សាបាននូវភាពស្រស់ស្អាតពេញមួយឆ្នាំ។
ឯកឧត្តម ក៏បានអំពាវនាវ និងណែនាំដោយផ្ទាល់ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករដែលកំពុងប្រកបរបរលក់ដូរទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការចូលរួមសហការ ថែរក្សាអនាម័យ បរិស្ថាន ទុកដាក់កាកសំណល់ និងសំរាមឱ្យមានរបៀបរៀបរយ ព្រមទាំងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ការរួមគ្នាចាប់ពីពេលនេះតទៅ គឺដើម្បីធ្វើឱ្យខេត្តមណ្ឌលគិរី មិនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍ដ៏បៃតង ស្អាត ស្ងប់ស្ងាត់ មានសុវត្ថិភាព និងគួរឱ្យចង់មកទស្សនាកម្សាន្តមិនចេះជុញដដែល៕



