ឯកឧត្តម ឡាវ វ៉ាន់៖ ជំរុញឱ្យនិស្សិតកម្ពុជា សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ខិតខំក្រេបជញ្ជក់ចំណេះដឹង និងនាំយក «ជំនាញពិត» មកចូលរួមអភិវឌ្ឍជាតិមាតុភូមិ
ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យគ្រឹះស្ថានសិក្សា នៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិសាអាហារសាមគ្គីជាមួយនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលកំពុងសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា ក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន សរុបចំនួន ៦៥ នាក់ ដែលពិធីនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាព និងតាមដានការសិក្សា ក៏ដូចជាជីវភាពរស់នៅរបស់និស្សិតកម្ពុជាផ្ទាល់នៅក្រៅប្រទេស។
ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម ឡាវ វ៉ាន់ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត និងជាប្រធានសមាគម អ.ម.ត ដែលជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងការសិក្សារបស់និស្សិតកម្ពុជា នៅក្រៅប្រទេស។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណៈប្រតិភូ បានផ្តាំផ្ញើឱ្យនិស្សិត ត្រូវបន្តខិតខំប្រឹងប្រែងប្រឡងវាស់ស្ទង់កម្រិតភាសាចិន (HSK) ឱ្យបានខ្ពស់ និងមុខជំនាញឯកទេសរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធានាថា «រៀនពិត ចេះពិត និងមានសមត្ថភាពពិត» លើសពីនេះ ត្រូវបន្តធ្វើជាសិស្សល្អ សិស្សគំរូ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងកម្មវិធីនានារបស់សាកលវិទ្យាល័យសាមី។ ឯកឧត្តម បានបន្តលើកឡើងឱ្យនិស្សិតគ្រប់រូប ធ្វើជា «អ្នកការទូតវប្បធម៌» តំណាងឱ្យប្រទេសកម្ពុជាក្នុងការនាំយក ផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ អរិយធម៌ ក៏ដូចជាប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរនៅលើឆាកអន្តរជាតិ ជាពិសេសត្រូវមានស្មារតីសាមគ្គីភាព ជួយយកអាសាគ្នាទៅវិញទៅមក សិស្សច្បងត្រូវជ្រោមជ្រែង និងតម្រង់ទិសសិស្សប្អូន។
ជាកិច្ចឆ្លើយតប តំណាងនិស្សិតអាហារូបករណ៍ អ.ម.ត បានសម្តែងនូវក្តីរំភើបរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លាសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស និងបានបង្កើតក្រុមការងារគ្រប់គ្រងនិស្សិត ដែលជានិច្ចកាលតែងតែនៅកៀកកិត តាមដាន មើលថែទាំ សាកសួរសុខទុក្ខ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់និស្សិត ដែលធ្វើឱ្យនិស្សិតមានភាពកក់ក្តៅដូចកំពុងរស់នៅក្នុងមាតុភូមិរបស់ខ្លួន។



