ខេត្តកណ្តាល៖នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅ កសិដ្ឋាន MOO MOO FARM ដែលជាកសិដ្ឋានចិញ្ចឹមគោឈានមុខមួយក្នុងការផលិតទឹកដោះគោស្រស់ប្រកបដោយគុណភាពខ្ពស់ ដែល មានទីតាំងស្ថិតនៅ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ការចុះពិនិត្យនាឱកាសនេះ មានគោលបំណងស្វែង យល់ផ្ទាល់អំពីវឌ្ឍនភាពនៃការគ្រប់គ្រងកសិដ្ឋាន ខ្សែសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់ស្របតាមស្តង់ដារបច្ចេកទេស ក៏ដូចជាការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តជំរុញគាំទ្រផ្នែកឥណទាន ក្នុងគោលដៅលើកកម្ពស់វិស័យកសិឧស្សាហកម្ម ការកែច្នៃផលិតផលក្នុងស្រុក និងពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និងរីកចម្រើនទៅមុខ៕



