ភ្នំពេញ ៖ កីឡាករ កីឡាការិនីចំនួន ២០០ នាក់ មកពី ៩ ប្រទេស នាំគ្នាជិះកង់ពីរាជធានីភ្នំពេញ ទៅ ទីរួមខេត្តសៀមរាប ដោយជោគជ័យ លើចម្ងាយផ្លូវ ៣១០ គីឡូម៉ែត្រ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ រៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា ក្រោមជជំនួយឧបត្ថម្ភគាំទ្រដោយ សម្ព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI)។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា នេះជាលើកទី៣ ដែលព្រឹត្តិការណ៍ជិះកង់ដើម្បីទាំងអស់គ្នា លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីកុមារកម្ពុជាអបអរទិវាជិះកង់ពិភពលោក និងទិវាកុមារអន្តរជាតិ»។ ចំនួនអ្នកជិះកង់ចុះឈ្មោះចូលរួមត្រឹមតែ ១៨០ នាក់នេះ ប៉ុន្តែមានអ្នកចូលរួមដែលមិនបានចុះឈ្មោះរហូតដល់ ២០០នាក់។ ពេលទៅដល់ខេត្តសៀមរាប មានអ្នកចូលរួមជិះកង់អមដំណើរកាន់តែច្រើនថែមទៀត។
លោកបញ្ជាក់ថា ចំពោះគោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីទាំងអស់គ្នានេះធ្វើឡើងដើម្បីអបអរសាទរទិវាជិះកង់ពិភពលោក ៣ មិថុនា និងទិវាកុមារអន្តរជាតិ ១ មិថុនា ព្រមទាំងការជិះកង់ដើម្បីសហគម និងជួយរៃអង្គាសថវិកា សម្ភារជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ព្រមទាំងបន្តបំផុសការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយជូនដល់កីឡាករ កីឡាការិនី និងមហាជនឱ្យចូលរួមលេងកីឡាជិះកង់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
តាមរយៈការរៀបចំនេះ សហព័ន្ធចង់ឱ្យក្រុមជិះកង់នៅខេត្តបានចូលរួមសហការគ្នា ក្នុងដំណើរជិះកង់កម្សាន្ត ដើម្បីគោលដៅសប្បុរសធម៌ និងការជិះកង់ចម្ងាយឆ្ងាយទៅកាន់ខេត្តសៀមរាប ក៏ដូចជាគោលដៅរួមចំណែកដល់ការផ្សព្វផ្សាយវិស័យកីឡាជិះកង់ និងវិស័យទេសចរណ៍នៅខេត្តសៀមរាបផងដែរ។ តំណាងសហព័ន្ធបានចាត់ទុក ព្រឹត្តិការណ៍ជិះកង់ដ៏ធំនេះជាការលើកស្ទួយវិស័យកីឡាទោចក្រយានកម្ពុជាឱ្យមានសកម្មភាពកាន់តែផុសផុលឡើងបន្ថែមទៀត៕



