ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

នៅថ្ងៃអាទិត្យទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះជួបបងប្អូនអាជីវករជាប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅផ្ទះបណ្តោះអាសន្ន និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានប្រកាសជូនប្រជាពលរដ្ឋភៀសសឹកពីការចាប់ផ្តើមធ្វើផ្សារបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីបងប្អូនមានទីតាំងលក់ដូរមានលក្ខណៈប្រមូលផ្តុំ ដែលនៅបរិវេណជិតផ្ទះបណ្តោះអាសន្នក្នុងភូមិសាស្រ្តខាងលើ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ផ្សារបណ្តោះអាសន្ននេះ គឺជាផែនការសកម្មភាពដោះស្រាយជាជំហានៗរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យអាជីវករជាប្រជាពលរដ្ឋភៀសសឹកទទួលបានទីតាំងលក់សមរម្យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ។

ចំពោះការអន្តរាគមន៍ឆ្លើយតបដោះស្រាយការលំបាកជូនប្រជាពលរដ្ឋភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង សាលារៀន និងរៀបចំដីកសិកម្មសម្រាប់ជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

បន្ទាប់ពីជួបអាជីវករប្រជាពលរដ្ឋភៀសសឹក, ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញជួបអាជីវករដែលបង្កើតមុខរបរ និងអាជីវកម្មតាមខ្នងផ្ទះបានដំណើរការប្រកបរបរទទួលទានជាបន្តបន្ទាប់ទៅតាមលទ្ធភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់អាជ្ញាធរខេត្ត និងកងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ សូមបន្តចាត់តាំងឲ្យមានក្រុមការងារប្រចាំការនៅភូមិតាកឹងបៃតងនេះ ដើម្បីប្រជាពលរដ្ឋអាចផ្តល់ព័ត៌មាន ឬរាយការណ៍ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗជាដើម៕