ដំណើរទស្សនកិច្ចបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក៖ គណៈប្រតិភូខេត្តព្រះសីហនុ ចុះស្វែងយល់ពីឧបករណ៍ eVTOL របស់ក្រុមហ៊ុន EHang

(ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន EHang Going Global ដែលមានទីតាំងស្ថិតនៅទីក្រុងក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន។

ក្រុមហ៊ុន EHang Going Global គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅលើពិភពលោក ផ្នែកផលិតឧបករណ៍ហោះហើរដោយស្វ័យប្រវត្តគ្មានមនុស្សបើក (Autonomous Aerial Vehicle – AAV) ដែលត្រូវបានគេស្គាល់ជាទូទៅថា «តាក់ស៊ីហោះ» (Flying Taxi) ឬ eVTOL (electric Vertical Take-Off and Landing) ដែលជាបច្ចេកវិទ្យាយានយន្តហោះហើរឡើង និងចុះចតក្នុងលក្ខណៈបញ្ឈរដោយប្រើប្រាស់ថាមពលអគ្គិសនី។

ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូខេត្តព្រះសីហនុនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការស្វែងយល់ពីការវិវត្តនៃបច្ចេកវិទ្យាដឹកជញ្ជូនផ្លូវអាកាសដ៏ទំនើប និងស្វែងរកកាលានុវត្តភាពថ្មីៗសម្រាប់យកមកអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ឆ្លើយតបទៅនឹងចក្ខុវិស័យនៃការកសាងទីក្រុងវៃឆ្លាត (Smart City) នាពេលអនាគត៕

អត្ថបទ៖ ម៉ារ៉ាឌី