ឯកឧត្តម ឈួរ សុបញ្ញា : កម្មវិធីអប់រំសីលធម៌នៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ជាការបន្តចលនាបណ្តុះបញ្ញា ពង្រឹងចរិយា និងដាស់ស្មារតីយុវជនឱ្យឈរលើមាគ៌ាព្រះធម៌ និងប្រកបដោយស្មារតីទទួលខុសត្រូវ
ខេត្តកំពង់ស្ពឺ៖ ថ្ងៃព្រហស្បតិ៍ ១២ កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធីអប់រំសីលធម៌ចរិយាធម៌ និងការគាំទ្រឥរិយាបថវិជ្ជមានរបស់សិស្ស ដែលបានរៀបចំឡើងនៅវិទ្យាល័យ ហ៊ុន សែន ចំបក់ ដោយមានការចូលរួមពីសិស្សានុសិស្សចំនួន ២៩០នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងតំណាងអាជ្ញាធរពាក់ព័ន្ធ ដូចជា ប្រធានការិយាល័យអប់រំស្រុក និងលោក សួង សាវ៉ន តំណាងមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ (ស្តីទី) និងជាព្រះចៅអធិការវត្តចំបក់ពោធិ៍ពាន់។ កម្មវិធីអប់រំសីលធម៌នេះគឺជាការចូលរួមដ៏មានតម្លៃក្នុងការបណ្តុះយុវជនឱ្យមានបញ្ញា សីលធម៌ និងចរិយាធម៌ល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏មានគុណភាព សម្រាប់សង្គម និងប្រទេសជាតិ។
ក្នុងឱកាសនោះ ព្រះរតនសោភ័ណ ម៉ន បឿន បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការអប់រំចិត្តមនុស្ស ឱ្យមានសីលធម៌ គុណធម៌ និងចរិយាធម៌ល្អ។ ព្រះអង្គបានលើកឡើងថា ក្នុងសង្គមបច្ចុប្បន្នមានមនុស្សមួយចំនួនបានឆ្លងកាត់ការបាត់បង់ស្មារតីល្អ ដោយសារការលោភលន់ និងការគិតតែប្រយោជន៍ផ្ទាល់ខ្លួន បណ្តាលឱ្យមិនស្គាល់បុណ្យបាប គុណទោស និងមិនគោរពទំនាក់ទំនងគ្រួសារ។ ក្នុងន័យនេះ ព្រះពុទ្ធសាសនាត្រូវតែបន្តដើរតួនាទីជាគន្លឹះក្នុងការដាស់ស្មារតី ឱ្យមនុស្សត្រឡប់មករកសេចក្ដីល្អ និងរស់នៅដោយមានទំនួលខុសត្រូវចំពោះសង្គម។ ព្រះអង្គក៏បានមានសង្ឃដីកាសង្ឃឹមថា កម្មវិធីអប់រំសីលធម៌នេះ នឹងជួយដាស់តឿនស្មារតីសិស្សានុសិស្ស ឱ្យយកខ្លឹមសារធម៌ទៅអនុវត្តជាពន្លឺដឹកនាំជីវិត ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។ ព្រះអង្គក៏បានផ្តាំផ្ញើឱ្យសិស្សទាំងអស់គោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន ដែលជាមូលហេតុបំផ្លាញអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានលើកឡើងថាកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងអំពីសីលធម៌ និងអនុវត្តតាមមាគ៌ាព្រះពុទ្ធសាសនា ដើម្បីកសាងអត្តចរិតល្អ និងសង្គមមានសុវត្ថិភាព។ ដើម្បីរួមចំណែកដល់ការចូលរួមរបស់លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ឯកឧត្តមបានលើកឡើងជាធម្មបរិយាយ ដើម្បីចែករំលែកដល់សិស្សានុសិស្សមួយចំនួនដូចខាងក្រោម :
១. “បញ្ញាជាពន្លឺ សីលជាគ្រឹះជីវិត” : សិស្សត្រូវយកការសិក្សា និងសីលធម៌ជាគន្លឹះក្នុងការកសាងអនាគត។ មនុស្សមានបញ្ញា តែខ្វះសីល មិនអាចនាំទៅរកសេចក្ដីជោគជ័យយូរអង្វែងបានឡើយ។
២. “ស្គាល់បុណ្យបាប គុណទោស ជាគន្លឹះនៃការជ្រើសរើសត្រឹមត្រូវ” : ការយល់ដឹងអំពីអ្វីល្អ អ្វីអាក្រក់ នឹងជួយឱ្យយុវជនចៀសផុតពីអំពើអាក្រក់ ដូចជា គ្រឿងញៀន អំពើហិង្សា និងអំពើអនាចារ។
៣. “កូនល្អ សិស្សល្អ មិត្តល្អជាគ្រឹះនៃសង្គមល្អ” : ការបង្កើតអត្តចរិតល្អ ចាប់ផ្តើមពីខ្លួនឯង និងបន្តទៅកាន់គ្រួសារ សាលារៀន និងសង្គមទាំងមូល។
៤. “គ្រប់គ្រងកាយ វាចា ចិត្ត ជាផ្លូវទៅរកជោគជ័យ” : ការហ្វឹកហាត់វិន័យលើខ្លួនឯង គឺជាគន្លឹះដ៏សំខាន់ក្នុងការរស់នៅប្រកបដោយសុចរិត និងទទួលបានការគោរពពីអ្នកដទៃ។



