សហគមន៍អ្នក​ឡើងភ្នំ​នេប៉ាល់​ប្រារព្ធ​ពិធីអ្នកឡើងភ្នំខ្ពស់ជាងគេលើពិភពលោក ឬ International Everest Day និងមានអ្នកឡើងដល់កំពូលភ្នំនេះច្រើនជាងគេដែរ

ការឡើងភ្នំខ្ពស់ៗគឺជាក្តីស្រម៉ៃមួយរបស់អ្នកនិយមផ្សងព្រេងជាមួយទេសភាពធម្មជាតិ ការឡើងភ្នំប្រៀបដូចជាការដាក់គោលដៅសម្រាប់ភាពជោគជ័យក្នុងឆាកជីវិតរបស់ពួកគេដែរ។ ថ្ងៃសុក្រនេះសហគមន៍ឡើងភ្នំរបស់ប្រទេសនេប៉ាល់បានប្រារព្ធទិវាអេវឺរ៉េសអន្តរជាតិ ដែលជាថ្ងៃដើម្បីសម្គាល់នូវភាពជោគជ័យនៃអ្នកឡើងភ្នំខ្ពស់បំផុតរបស់ពិភពលោក ដែលមានការចូលរួមពីអ្នកឡើងភ្នំ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកល្បីៗជាច្រើនរូបទៀតនៅរដ្ឋធានីនេប៉ាល់។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍នេប៉ាល់លោក Khadak Raj Paudel បានអុជចង្កៀងប្រេងប្រពៃណី និងមានអ្នកឡើងភ្នំជាច្រើននាក់នៅក្នុងពិធីនោះដែរ។ ក្នុងចំណោមពួកគេមានអ្នកនាង Kami Rita Sherpa ដែលជាមគ្គុទ្ទេសក៍ Sherpa ដែលទើបតែសម្រេចបានកំណត់ត្រានៃការឡើងភ្នំច្រើនបំផុតចំនួន៣២ដង។ អ្នកឡើងភ្នំម្នាក់ទៀតដែលទទួលបានកិត្តិយសគឺនាង Lakpa Sherpa ដែលបានឡើងភ្នំជាលើកទី១១កាលពីដើមខែនេះ ដោយបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់នាងសម្រាប់ការឡើងភ្នំអេវឺរ៉េសច្រើនបំផុតក្នុងនាមជាអ្នកឡើងភ្នំផ្នែកស្ត្រី។ នៅក្នុងសុន្ទរកថារបស់រដ្ឋមន្ត្រីទេសចរក៏បានបញ្ជាក់ពីហានិភ័យនៃការឡើងកំដៅផែនដីផងដែរ។ ស្ថានភាព “ព្រិល និងផ្ទាំងទឹកកកកំពុងរលាយយ៉ាងឆាប់រហ័ស ហើយប្រជាជនដែលរស់នៅក្នុងតំបន់ភ្នំនេះក៏កំពុងប្រឈមមុខនឹងការលំបាកដូចគ្នា”។ ប្រទេសនេប៉ាល់បានចេញលិខិតអនុញ្ញាតឡើងភ្នំចំនួន ៤៩៤ ដងសម្រាប់អ្នកឡើងភ្នំបរទេសនៅរដូវកាលនេះ ដោយចំនួនមនុស្សដែលបានឡើងដល់កំពូលភ្នំត្រូវបានគេជឿថាមានច្រើនជាង ៩០០ នាក់ ដែលនេះគឺជាចំនួនខ្ពស់បំផុតមួយដែលមិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្រ្តឡើងដល់កំពូលភ្នំក្នុងនិទាឃរដូវ។ ចំនួនផ្លូវការចុងក្រោយនឹងមានវិវត្តន៍នាពេលក្រោយទៀត។ កំពូលភ្នំអេវឺរ៉េសដែលមានកម្ពស់ ៨.៨៤៩ ម៉ែត្រ ឬស្មើនឹង (២៩.០៣២ ហ្វីត) ត្រូវបានឡើងជាលើកដំបូងដោយជនជាតិនូវែលសេឡង់ដែលមានឈ្មោះ Edmund Hillary និងអ្នកណែនាំឈ្មោះ Sherpa Tenzing Norgay នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ១៩៥៣។ ចាប់តាំងពីពេលនោះមក ក៏មានអ្នកចាប់អារម្មណ៍ឡើងភ្នំនេះរាប់ពាន់នាក់បានឡើងដល់កំពូលភ្នំដែរ។ អ្នកឡើងភ្នំ សមាជិកនៃសហគមន៍ឡើងភ្នំ និងរដ្ឋាភិបាលនេប៉ាល់ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ថារដូវកាលឡើងភ្នំ គឺភាពពេញនិយមមួយដែលបានចាប់ផ្តើមនៅក្នុងខែមីនានឹងបញ្ចប់នៅខែឧសភានេះ បន្ទាប់ពីនោះអ្នកឡើងភ្នំទាំងអស់ត្រូវចាកចេញពីភ្នំមុនពេលរដូវវស្សាមកដល់ និងនៅពេលដែលអាកាសធាតុចុះអាប់កាន់តែស្មុគស្មាញ៕

សម្រួលអត្ថបទ៖ សុផារិន្ទ