ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ»
ភ្នំពេញ៖ មហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម និងពោរពេញដោយបរិយាកាសសប្បាយរីករាយ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិល្បករ សិល្បការិនី អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងកុមារជាច្រើនរូប។
មានប្រសាសន៍ក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គលទីស្តីការការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មហោស្រពចម្រៀងកុមារនាឱកាសឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ«កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ»ដែលមានអត្ថន័យជ្រាលជ្រៅ និងមានតម្លៃអប់រំខ្ពស់។ ប្រធានបទនេះបានបញ្ជាក់ថា កុមារគឺជាអនាគតនៃជាតិ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានសន្តិភាព ស្ថិរភាព និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហោស្រពនេះ ដែលមិនត្រឹមតែជាវេទិកាបង្ហាញទេពកោសល្យរបស់កុមារតាមរយៈសិល្បៈតន្ត្រី និងចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះគំនិត ដល់កុមារជំនាន់ក្រោយឲ្យមានសីលធម៌រស់នៅល្អ និងមានស្មារតីស្នេហាជាតិ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ដែលនៅតែមានការប្រឈម និងភាពមិនប្រាកដប្រជា ការបណ្តុះកុមារឲ្យមានចំណេះដឹង មានវិន័យ មានសីលធម៌ និងមានស្មារតីរួបរួមសាមគ្គី គឺជាការវិនិយោគដ៏សំខាន់សម្រាប់ថ្ងៃអនាគត។ កុមារដែលមានចំណេះដឹង និងគុណធម៌ល្អ នឹងក្លាយទៅជាខែលការពារជាតិដ៏រឹងមាំបំផុត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការតាក់តែងនិពន្ធបទចម្រៀងដែលមានចំណងជើងថា «សោកនាដកម្មប្រាសាទព្រះវិហារ» សម្រាប់ច្រៀងរួមគ្នា ដែលបានបង្ហាញឲ្យកុមារយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិ បណ្តុះកុមារឲ្យមានស្មារតីស្នេហាជាតិ និងក្លាហានការការពារបេតិកភណ្ឌជាតិ។ នេះបង្ហាញថា សិល្បៈអាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការបញ្ជូនសារនិងអប់រំសង្គមជាតិ ជាពិសេសចំពោះកុមារ។
ជាថ្មីម្យងទៀត ឯកឧត្តមរដ្ឋមន្ត្រី សូមអបអរសាទរ និងលើកទឹកចិត្តដល់ក្មួយៗកុមារទាំងអស់ ដែលបានចូលរួមក្នុងមហោស្រពនេះបើទោះបីជាក្រុមណាមិនទទួលបានតំណែងជ័យលាភីក៏ដោយ ក៏ការចូលរួមរបស់ក្មួយៗ គឺជាជ័យជម្នះដ៏មានតម្លៃរួចទៅហើយ។ សូមក្មួយៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍខ្លួន និងរក្សាទុកនិងពង្រីកទេពកោសល្យនេះឲ្យកាន់តែរីកចម្រើនធំធាត់។
តាមការបញ្ជាក់របស់ លោកជំទាវ នង ធួក អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ បានឲ្យដឹងថា មហោស្រពចម្រៀងកុមារនេះ បានប្រារព្ធពិធីបើកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ទទួលបានការចូលរួម ពីសាលាបឋមសិក្សាចំនួន ១៧សាលា ដែលមកពី រាជធានីភ្នំពេញ ចំនួន១៣ សាលា មានបេក្ខជន ២៦ក្រុម មកពីខេត្តកណ្តាលចំនួន២សាលា មានបេក្ខជនចំនួន២ក្រុម/មកពីខេត្តកំពង់ធំ ចំនួនមួយសាលា មានបេក្ខជនចូលរួមចំនួន១ក្រុម និងមកពីខេត្តសៀមរាបចំនួន មួយសាលា មាន បេក្ខជនចំនួន២ក្រុម។ សរុមទាំងអស់មាន ៣១ក្រុមប្រកួត។ ក្នុងមួយ ក្រុមៗគណ:កម្មការតម្រូវអោយតាក់តែងចម្រៀងចំនួន២បទយកមកប្រកួតប្រជែង។
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បេក្ខភាពទាំង៥ក្រុម បានឈានចូលមកប្រកួតប្រជែងក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជ័យលាភីលេខ១ បានទៅលើក្រុមមកពីសាលាបឋមសិក្សា មីគីវ៉េដង្កោក្រុម១ , ជ័យលាភីលេខ២ បានទៅលើក្រុមមកពីសាលាបឋមសិក្សាមីគីវ៉េពោធិ៍សែនជ័យ, ជ័យលាភីលេខ ៣ បានទៅលើក្រុមមកពីសាលាបឋមសិក្សាវត្តរាជបូណ៏ក្រុម២, លេខ៤ ក្រុមមកពីសាលាដុនបស្កូក្រុម ១ និងលេខ៥ បានទៅលើសាលាបឋមសិក្សាចតុមុខក្រុម ៣៕



