ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេស បានបើកប្រតិបត្តិការចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម

ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេសថ្នាក់ជាតិ អមដំណើរដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេសថ្នាក់ជាតិ លោកប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោកអនុប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបើកប្រតិបត្តិការចុះឆ្មក់ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកសំពីងសំពោង នៅតាមគោលដៅត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។ 

ជាលទ្ធផលក្នុងប្រតិបត្តិការចុះឆ្មក់រយៈពេល២ថ្ងៃនេះ គឺ ក្រុមការងារគោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តព្រៃវែងតាមបណ្តោយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ បានឃាត់រថយន្តធុនធ្ងន់សណ្តោងរ៉ឺម៉កដែលមានដឹកអុសសំពីងសំពោងបានចំនួន ៣គ្រឿង។ សម្រាប់ខេត្តកំពង់ចាម  ក្រុមការងារគោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តកំពង់ចាម បានអនុវត្តសកម្មភាពត្រួតពិនិត្យរបស់ខ្លួននៅតាមទីតាំងស្ថានីយថ្លឹងរថយន្ត ដែលមានលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ គឺមិនមានវត្តមានយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសឆ្លងកាត់ទីតាំងត្រួតពិនិត្យទេក្នុងអំឡុងប្រតិបត្តិការនេះ។ ដោយឡែក នៅក្នុងខេត្តត្បូងឃ្មុំ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្តត្បូងឃ្មុំ មិនមានសកម្មភាពត្រួតពិនិត្យនៅក្នុងអំឡុងពេលចុះឆ្មក់ត្រួតពិនិត្យនេះទេ ដែលជាហេតុនាំធ្វើឱ្យមានវត្តមានយានយន្តដឹកទំនិញធុនធ្ងន់ប្រភេទកែច្នៃជាច្រើនគ្រឿងមានវត្តមាននៅតាមបណ្តោយផ្លូវជាតិលេខ៧។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំដល់ ក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តត្បូងឃ្មុំ ត្រូវមានសកម្មភាពចុះអនុវត្តការត្រួតពិនិត្យឱ្យបានច្រើន ដើម្បីរួមចំណែកជួយទប់ស្កាត់ការដឹកលើសទម្ងន់កម្រិតកំណត់ផងដែរ៕