កម្ពុជាប្រារព្ធទទិវាអណ្តើកសមុទ្រពិភពលោក ព្រម ទាំងជំរុញការរួមគ្នា ស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រ នៅកោះរ៉ុង
ខេត្តព្រះសីហនុ៖ កម្ពុជាបានរៀបចំកម្មវិធីអបអរសាទរ «ទិវាអណ្តើកសមុទ្រពិភពលោក ឆ្នាំ២០២៦» ក្រោមប្រធានបទ «បេសកកម្មបច្ចេកទេសស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងការចូលរួមក្នុងអភិបាលកិច្ច» កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ដើម្បីបំផុសស្មារតីរួមគ្នាការពារធនធានធម្មជាតិសមុទ្រ។
ព្រឹត្តិការណ៍នេះធ្វើឡើងស្របពេលដែល «កោះរ៉ុង» ត្រូវបានឆាកអន្តរជាតិចំណាត់ថ្នាក់ជាឆ្នេរសមុទ្រល្អបំផុតលេខ ៩ ក្នុងចំណោមឆ្នេរទាំង ៥០ លើពិភពលោក ហើយកម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខ ១ ផ្នែកបរិស្ថានធម្មជាតិ ក្នុងឆ្នាំ២០២៦ នេះផងដែរ។
នៅក្នុងឱកាសនោះ លោក សុខ ភា អភិបាល រងខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា៖
ការអភិវឌ្ឍមិនមែនដើម្បីបំផ្លាញធម្មជាតិទេ គឺដើម្បីការពារ និងថែរក្សាធម្មជាតិឱ្យបានល្អជាងមុន ព្រមទាំងបង្កើតការងារជូនពលរដ្ឋ។ រីឯការអភិរក្ស គឺដើម្បីការពារសម្រស់ធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ»។ លោកបានបន្ថែមថា សមុទ្រស្អាតគឺជាកិត្តិយសរបស់ខេត្ត ហើយវត្តមានផ្កាថ្ម និងអណ្តើកសមុទ្រ គឺជាសញ្ញាបង្ហាញថាប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជានៅមានជីវិត និងមានសុខភាពល្អ។ កម្មវិធីនេះមិនត្រឹមតែផ្សព្វផ្សាយយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែបានដឹកនាំក្រុមការងារ និងអ្នកមុជទឹកចុះសម្អាតបាតសមុទ្រផ្ទាល់ ដោយប្រមូលសំណាញ់ មង អួន ខ្សែសន្ទូច និងសំណល់ប្លាស្ទិក ដែលជាប់នៅតំបន់ផ្កាថ្ម និងវាលស្មៅសមុទ្រ ដែលជាជម្រកដ៏សំខាន់របស់ពពួកសត្វសមុទ្រកំពុងរងគ្រោះថ្នាក់។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សកម្មភាពនេះមិនមែនធ្វើតែមួយថ្ងៃនោះទេ ប៉ុន្តែជាជំហានដំបូងក្នុងការបង្កើតយន្តការរួមគ្នារវាងសហគមន៍ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ និងស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រកម្ពុជា ក្នុងគោលដៅជំរុញ «សេដ្ឋកិច្ចពណ៌ខៀវ» និងគាំទ្រអេកូទេសចរណ៍ប្រកបដោយចីរភាព។
កញ្ញា ឡុង មរកត អ្នកវិទ្យាសាស្ត្រសមុទ្រ និងជាតំណាងក្រុមអ្នកមុជទឹក បានឲ្យដឹងថា ប្រជុំកោះរ៉ុង និងឧទ្យានជាតិសមុទ្រកោះរ៉ុង គឺជាតំបន់យុទ្ធសាស្ត្រជីវៈចម្រុះដ៏សម្បូរបែប ដែលមានទាំងផ្កាថ្ម វាលស្មៅសមុទ្រ និងជាជម្រកសត្វកម្រៗដូចជា អណ្តើកសមុទ្រ ផ្សោត និងត្រីសេះសមុទ្រ។ សម្បត្តិធម្មជាតិដ៏លេចធ្លោនេះហើយ ដែលធ្វើឱ្យឆ្នេរសមុទ្រកម្ពុជា ត្រូវបានក្លឹបឆ្នេរសមុទ្រអន្តរជាតិទទួលស្គាល់ថាជាឆ្នេរដែលស្អាត និងល្អប្រណិតបំផុតមួយនៅលើពិភពលោក៕
អត្ថបទ:ម៉ារ៉ាឌី



