ឯកឧត្តម ឈួរ សុបញ្ញា : ការបិទពិធីសូធ្យព្រះត្រៃបិដកលើកទី១ ស្រុកសាមគ្គីមុនីជ័យមិនត្រឹមជាការបញ្ចប់កម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា ពន្លឺព្រះធម៌នៅតែបន្តផ្សាយ និងចូលទៅក្នុងចិត្តមនុស្សជាបន្តបន្ទាប់
ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃអាទិត្យ ៨កើត ខែជេស្ធ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ បានអញ្ជើញចូលរួមពិធីបិទវគ្គសូធ្យព្រះត្រៃបិដក ស្រុកសាមគ្គីមុនីជ័យ លើកទី១ នៅវត្តស្រះឃ្លាំង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ។ ពិធីនេះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីសង្ឃ អាជ្ញាធរ និងពុទ្ធបរិស័ទជាច្រើន បង្ហាញពីសទ្ធាជ្រះថ្លា និងការគោរពដ៏ជ្រាលជ្រៅចំពោះព្រះត្រៃបិដក ដែលជាដងខ្សែបញ្ញា និងសីលធម៌ដឹកនាំជីវិត។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវសេចក្តីនឹករលឹកនិងសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម អ៊ុក កោសា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គី មុនីជ័យ ប្រគេនព្រះកូណាម្ចាស់ និងជូនពុទ្ធបរិស័ទក្នុងអង្គពិធីទាំងមូលផងដែរ។ ការបិទវគ្គសូធ្យគម្ពីរព្រះត្រៃបិដកនេះ មិនត្រឹមជាការបញ្ចប់កម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា ពន្លឺធម៌នៅតែបន្តចេញផ្សាយ និងចូលទៅក្នុងចិត្តមនុស្សជាបន្តបន្ទាប់។ពិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការរួមចំណែករបស់គ្រប់ភាគី ក្នុងការលើកតម្កើងព្រះពុទ្ធសាសនា និងបណ្តុះមនសិកាជាតិ ឱ្យកាន់តែរឹងមាំ និងចីរភាពជានិច្ច។ ព្រះពុទ្ធបានត្រាស់ថា៖ “ធម្មទានំ សព្វទានំ ជិនាតិ” ធម្មទានឈ្នះអស់ទានទាំងពួង។
ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងនូវទស្សនាទានជាធម្មបរិយាយ ដ៏មានអត្ថន័យមួយចំនួនក្នុងអង្គពិធីដូចតទៅ៖
១. ព្រះត្រៃបិដក ជាគន្លឹះបណ្តុះបញ្ញា និងដឹកនាំជីវិត ដោយហេតុថាព្រះត្រៃបិដកមិនមែនត្រឹមជាសៀវភៅសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋាននៃបញ្ញា ដែលអាចដឹកនាំមនុស្សឱ្យយល់អំពីជីវិត កាត់បន្ថយទុក្ខ និងរស់នៅដោយសេចក្ដីថ្លៃថ្នូរ។
២. ការសូធ្យ និងសិក្សាព្រះធម៌ ជាការកសាងមនុស្សល្អសម្រាប់សង្គម
ព្រោះថាការចូលរួមសូធ្យព្រះត្រៃបិដក គឺជាការបណ្តុះសីលធម៌ ស្មារតីអត់ធ្មត់ និងការយកចិត្តទុកដាក់ ដែលជាគ្រឹះសំខាន់ក្នុងការកសាងសង្គមមានគុណភាព។
៣. ពន្លឺធម៌ ជាមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍជាតិ ដោយបានសង្កត់ធ្ងន់ថា ប្រទេសណាមានមនុស្សមាធម៌ក្នុងខ្លួនបានដល់ការសុក្សាបរិយត្ត ការធ្វើបដិបត្តិ និងការធ្វើអង្គវិបស្សនា(បដិវេធ) ប្រទេសនោះនឹងមានសន្តិភាព និងការរីកចម្រើនប្រកបដោយចីរភាព ដូចព្រះពុទ្ធវចនៈព្រះសាស្តាសម្តែងថា“ធម្មោ ហវេ រក្ខតិ ធម្មចារី” ធម៌ការពារអ្នកប្រតិបត្តិធម៌។
ក្នុងខណៈនោះ សម្តេចព្រះធម្មលិខិត បានប្រទានព្រះថេរដីកាដ៏មានតម្លៃ ដើម្បីណែនាំដល់ព្រះសង្ឃ និងពុទ្ធបរិស័ទ ថា៖
១. ត្រូវបន្តថែរក្សា និងផ្សព្វផ្សាយព្រះត្រៃបិដកឱ្យបានទូលំទូលាយ
ដោយព្រះអង្គបានអំពាវនាវឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទ រួមគ្នាថែរក្សា និងបន្តផ្សព្វផ្សាយព្រះធម៌ទៅកាន់ជំនាន់ក្រោយ ដើម្បីឱ្យសាសនារឹងមាំជានិច្ច។
២. ពង្រឹងសីល វិន័យ និងការសិក្សាធម៌ជាប្រចាំ ដោយព្រះអង្គបានណែនាំឱ្យសមណសិស្សខិតខំរៀនសូត្រ និងអនុវត្តធម៌ជាគន្លឹះក្នុងជីវិត ដើម្បីក្លាយជាគំរូល្អសម្រាប់សង្គម“សីលំ យាវជីវំ រក្ខេយ្យ” (ត្រូវថែរក្សាសីលរហូតដល់អស់ជីវិត)។
៣. យកធម៌ជាគោលក្នុងការអប់រំសង្គម និងកសាងជាតិ ដោយសម្តេចបានបញ្ជាក់ថា ការអភិវឌ្ឍជាតិ ត្រូវមានសីលធម៌ជាគ្រឹះ បើមិនដូច្នេះទេ នឹងខ្វះចីរភាព និងគុណធម៌។



