ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមាន័យ

នៅថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជីវភាពរស់នៅ ព្រមទាំងការធ្វើអាជីវកម្ម និងការដាំដុះដំណាំជុំវិញផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹក ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាន័យ។

អំឡុងពេញអញ្ជើញចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកត់សម្គាល់ឃើញបងប្អូនប្រជាពលរដ្ឋភៀសសឹក បន្តរៀបចំមុខរបរ និងអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីចំណូលប្រចាំថ្ងៃ បូករួមជាមួយការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញក្រុមការងារពន្លឿនការរៀបចំស៊ីទែនទឹកស្អាតសម្រាប់ប្រជាពលរដ្ឋភៀសសឹកទទួលទានប្រចាំថ្ងៃឲ្យបានឆាប់រហ័សផងដែរ។

រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានកំណត់ពីអាទិភាពក្នុងការដោះស្រាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ ដូចជា ការសាងសង់ផ្ទះបណ្តោះអាសន្នតាមរយៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ អគ្គិសនី និងទឹកស្អាត ព្រមទាំងការឧបត្ថម្ភគាំទ្រដល់ជីវភាពប្រចាំថ្ងៃ និងការរៀបចំសាលារៀនសម្រាប់សិស្សានុសិស្សបានបន្តការសិក្សា ក្នុងគ្រាដែលរាជរដ្ឋាភិបាលបានកំពុងស្វែងរកដំណោះស្រាយតាមគ្រប់មធ្យោបាយ ក៏ដូចជាផ្លូវច្បាប់អន្តរជាតិលើបញ្ហាព្រំដែន៕