ឯកឧត្តម ឈួរ សុបញ្ញា : ព្រះត្រៃបិដក មិនត្រឹមតែជាគម្ពីរបុរាណសម្រាប់រក្សាទុកបេតិក ភណ្ឌ ប៉ុណ្ណោះទេ ប៉ុន្តែជាគន្លឹះសម្រាប់ការអប់រំ

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា បានអញ្ជើញចូលរួមពិធីបើកសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ លើកទី១ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រៀបចំឡើងនៅ វត្តស្រះឃ្លាំង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២០-២៤ ខែឧសភា ឆ្នាំ២០២៦ ដឹកនាំដោយព្រះវរញ្ញាណាចារ្យ អ៊ុំ ផេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណស្រុកសាមគ្គីមុនីជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក កោសា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ។

ការរៀបចំពិធីសូធ្យព្រះត្រៃបិដកពេលនេះមានគោលបំណងលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យបានរីកចម្រើន និងគង់វង្សជានិរន្តរភាព ព្រោះថានៅពេលមានអ្នកសិក្សា និងសូធ្យជាបន្តបន្ទាប់ ព្រះធម៌នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងនៅរស់រវើកក្នុងសង្គម ដែលជាកត្តាសត្យានុម័តក្នុងការជួយបង្កើនសាមគ្គីភាព និងសន្តិភាព។ ព្រះធម៌បង្រៀនឲ្យមនុស្សស្គាល់ការគោរព ការអត់ឱន និងការរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ព្រមជាមួយគ្នានេះការសូធ្យព្រះត្រៃបិដក គឺជាសកម្មភាពសាសនាដ៏មានតម្លៃខ្ពង់ខ្ពស់ មិនត្រឹមតែជាការសូត្រតាមអក្សរ ឬការអានអត្ថបទបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការអប់រំផ្លូវចិត្ត និងបញ្ញា ដែលមានគោលបំណងជ្រាលជ្រៅក្នុងការកសាងមនុស្ស និងសង្គមឲ្យមានគុណធម៌ និងសន្តិភាព។ ព្រះត្រៃបិដក ជាគ្រឹះនៃព្រះពុទ្ធសាសនា ដែលផ្ទុកនូវព្រះធម៌ និងព្រះវិន័យ ជាផ្លូវនាំឲ្យមនុស្សឆ្លងកាត់ភាពមិនដឹង ទៅរកការយល់ដឹង និងពន្លឺប្រាជ្ញា។ព្រះត្រៃបិដកខ្មែរយើងទុកជាមូលដ្ឋាននៃវប្បធម៌ ក្នុងផ្នែកអក្សរសាស្ត្រមួយដ៏ប្រសើររបស់ជាតិយើង ព្រោះថា គម្ពីរពុទ្ធសាសនា នេះហើយ ជាជំនួយដល់ការលូតលាស់ខាង អក្សរសាស្ត្រ និង ភាសាជាតិយើង នាំឱ្យចំរើនជឿនលឿនតាមផ្លូវពុទ្ធនិយមបានច្រើនណាស់។ ដោយសារតែព្រះសង្គីតិកាចារ្យ ជំនាន់មុនបានប្រមូលមករៀបរៀងឱ្យនៅជួបជុំជាបិដកទាំង៣ ដូច្នេះហើយបានជាធម៌វិន័យ របស់ព្រះបរមគ្រូនៃយើង បានឋិតនៅចីរកាលសព្វគ្រប់ទាំងអស់ ឥតមានវិនាសបាត់ទៅតាមមនុស្ស ឬ តាមកាលៈទេសៈត្រង់ប្រការណាមួយឡើយ។ ដូច្នេះយើងអាចពោលថា ធម៌វិន័យ ដែលព្រះមានព្រះភាគសំដែងបញ្ញត្តហើយ ឋិតនៅក្នុង គម្ពីរព្រះត្រៃបិដក ទាំងអស់ដោយពិត ។

ការសូធ្យលើកនេះ យើងបានកំណត់យក បិដកលេខ ១៩ “សង្គាលកសូត្រ” មកធ្វើការសូធ្យនៅក្នុងពេលវេលានេះ គឺមានអត្ថន័យយ៉ាងជ្រាលជ្រៅនិងមានភាពសមស្របខ្លាំងជាមួយបរិបទសង្គមបច្ចុប្បន្ន។ សង្គាលកសូត្រ ជាព្រះធម៌ដ៏សំខាន់មួយ ដែលព្រះពុទ្ធបានប្រទានដល់សង្គាលកគ្រហស្ថ ដើម្បីណែនាំអំពីវិធីរស់នៅរបស់មនុស្សក្នុងសង្គមដោយផ្អែកលើគោលការណ៍ “ទិសទាំង៦” ដែលជាគន្លឹះសម្រាប់ការកសាងទំនាក់ទំនងរវាងមនុស្សម្នាក់ៗឲ្យមានសណ្តាប់ធ្នាប់ សុចរិតភាព និងសន្តិភាព។ សង្គាលកសូត្រ មិនមែនគ្រាន់តែជាព្រះធម៌សម្រាប់សិក្សាផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគោលធម៌អនុវត្តដែលភ្ជាប់ជិតស្និទ្ធទៅនឹងជីវិតប្រចាំថ្ងៃ។ “ទិសទាំង៦” ដែលបានបង្ហាញក្នុងសូត្រនេះ រួមមានទំនាក់ទំនងរវាង ឪពុកម្តាយនិងកូន សិស្សនិងគ្រូ ប្តីនិងប្រពន្ធ មិត្តនិងមិត្ត ម្ចាស់ការនិងអ្នកធ្វើការ និងសមណៈជាមួយសាសនិក។ ទំនាក់ទំនងទាំងនេះ គឺជាគ្រឹះនៃសង្គមមនុស្ស ដែលបើមានការយល់ដឹង និងអនុវត្តត្រឹមត្រូវ នឹងធ្វើឲ្យសង្គមមានស្ថិរភាព និងសុខដុមរមនា។ ការជ្រើសរើសសូធ្យសង្គាលកសូត្រនៅពេលនេះក៏បានកើតឡើងពីហេតុផលសំខាន់ៗជាច្រើន ដែលឆ្លុះបញ្ចាំងពីស្ថានភាពសង្គម និងតម្រូវការជាក់ស្តែងរបស់មនុស្សសម័យថ្មី។ ជាដំបូង វាជាការឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងរហ័សនៃសង្គមបច្ចុប្បន្ន ដែលតម្លៃសីលធម៌ និងទំនាក់ទំនងមនុស្សកំពុងប្រឈមនឹងការថយចុះ។ នៅក្នុងបរិបទបែបនេះ សង្គាលកសូត្រដើរតួនាទីដូចជាគោលច្បាប់ផ្លូវចិត្ត និងសង្គម ដែលជួយរំលឹកឲ្យមនុស្សត្រឡប់មករកគុណធម៌និងការគោរពគ្នាវិញ។ បន្ថែមពីនេះ សង្គាលកសូត្រ ផ្តល់នូវគោលការណ៍ច្បាស់លាស់សម្រាប់ការរស់នៅរួមគ្នា ដោយផ្អែកលើការទទួលខុសត្រូវ និងសេចក្ដីស្មោះត្រង់។ នៅពេលមនុស្សម្នាក់ៗយល់ និងអនុវត្តតួនាទីរបស់ខ្លួនក្នុងទំនាក់ទំនងសង្គមបានត្រឹមត្រូវ នោះសង្គមទាំងមូលនឹងមានសមតុល្យ មានសណ្តាប់ធ្នាប់ និងកាត់បន្ថយជម្លោះដែលកើតឡើងដោយការយល់ច្រឡំ ឬការខ្វះការទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត ការសូធ្យសង្គាលកសូត្រ ក៏មានគោលបំណងពង្រឹងគ្រឹះស្ថានសង្គមសំខាន់ៗដូចជា គ្រួសារ សាលារៀន និងកន្លែងធ្វើការ។ គ្រួសារគឺជាអង្គភាពដំបូងនៃសង្គមដែលបង្កើតមនុស្សមានគុណធម៌។ សាលារៀនគឺជាកន្លែងបណ្តុះបណ្តាលចំណេះដឹង និងសីលធម៌។ កន្លែងធ្វើការ គឺជាកន្លែងអនុវត្តទំនួលខុសត្រូវ និងការរស់នៅរួមជាមួយអ្នកដទៃ។ សង្គាលកសូត្រ ជួយឲ្យគ្រប់វិស័យទាំងនេះមានរបៀបរៀបរយ និងដំណើរការដោយសុខដុមរមនា។ លើសពីនេះទៀត សង្គាលកសូត្រ ក៏ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការកសាងមនុស្សល្អ និងជាតិរឹងមាំផងដែរ ព្រោះនៅពេលមនុស្សម្នាក់មានការយល់ដឹងអំពីកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តដោយស្មោះត្រង់ នោះមិនត្រឹមតែជួយខ្លួនឯងទេប៉ុន្តែថែមទាំងជួយសង្គមទាំងមូលឲ្យរីកចម្រើនទៅមុខដោយមានគុណធម៌ជាគោលដៅ។ ការសូធ្យសង្គាលកសូត្រ នៅក្នុងបរិបទបច្ចុប្បន្ន គឺជាការភ្ជាប់ចំណេះដឹងបុរាណដ៏ជ្រាលជ្រៅ ទៅនឹងជីវិតសម័យថ្មី ដែលពោរពេញដោយការប្រែប្រួល និងភាពស្មុគស្មាញ។ វាជាការបង្ហាញថា ព្រះធម៌មិនមែនជារឿងអតីតកាលទេ ប៉ុន្តែជាគោលការណ៍រស់នៅដែលអាចអនុវត្តបានជានិច្ច ដើម្បីបង្កើតសង្គមដែលមានសុភមង្គល សន្តិភាព និងការអភិវឌ្ឍយ៉ាងចីរភាព។

ប្រទេសខ្មែរយើង ជាប្រទេសកាន់ពុទ្ធសាសនា អស់កាលច្រើនសតវត្សមកហើយ បុព្វបុរសយើងបានយកចិត្តទុកដាក់ ទៅចម្លងយកព្រះធម៌នេះ មកទុកក្នុងប្រទេស សម្រាប់កុលបុត្រជាពុទ្ធសាសនិកក៏យូរយារច្រើនសតវត្សរ៍មកហើយប៉ុន្ដែព្រះត្រៃបិដកដែលចម្លងមកនោះ ចារនៅលើស្លឹករឹត ជាភាសាបាលីសុទ្ធ។ ទើបតែមកក្នុងរជ្ជកាល ព្រះបាទសម្ដេចព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យឱ្យបោះពុម្ពព្រះត្រៃបិដកជាសៀវភៅមួយភាគៗ ដើម្បីងាយក្នុងការផ្សព្វផ្សាយដល់ពុទ្ធសាសនិកក្នុងប្រទេសសម្រាប់ឱ្យយកទៅធ្វើជាគ្រូអាចារ្យផ្ទាល់ខ្លួន។ ព្រះសង្ឃជាបណ្ឌិតទាំងឡាយបានប្រជុំគ្នាហើយសម្រេចដោយអំណរថាត្រូវប្រែព្រះត្រៃបិដកពីភាសាបាលីឱ្យជាប់មកជាភាសាជាតិ ដើម្បីឱ្យងាយដល់ការសិក្សាតែត្រូវបោះពុម្ពទាំងបាលី ទាំងសម្រាយគឺ ទំព័រម្ខាងបាលី ម្ខាងសម្រាយ ហើយត្រូវវាល់ពាក្យបាលី និងពាក្យសម្រាយឱ្យប៉ុនគ្នាគ្រប់ទំព័រ។ តាំងពីនោះមក ព្រះសង្ឃបណ្ឌិតជាច្រើនតំណ ក៏ចេះតែខំប្រឹងប្រែ ព្រមទាំងបោះពុម្ពជាបន្តហូរហែមក រហូតដល់ ព.ស.

២៥១២ នេះទើបចប់សព្វគ្រប់។ គម្ពីរព្រះត្រៃបិដកខ្មែរត្រូវបានក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យនៅភ្នំពេញ បកប្រែពីភាសាបាលីមកជាភាសាខ្មែរពីឆ្នាំ ១៩៣០-១៩៦៨ គឺត្រូវចំណាយពេល ៣៨ឆ្នាំ ទើបបានសម្រចហើយសព្វគ្រប់។ ពិធីបុណ្យសម្ពោធឆ្លងព្រះត្រៃបិដកជាផ្លូវការ ត្រូវបានរៀបចំធ្វើយ៉ាងមហោឡារិកនៅក្រុងភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ១៩៦៩ ក្រោមព្រះរាជកិច្ចឧបត្ថម្ភក៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃប្រទេសកម្ពុជា ក៏ទុកដូចជាការសន្មតថា“កិច្ចការឧត្តមសង្គាយនាគឺការប្រែនិងបោះពុម្ពព្រះត្រៃបិដកដែលមានរយៈកាល ៣៩ឆ្នាំ ត្រូវបានបញ្ចប់ដោយជោគជ័យហើយ” ។ នេះពិតជាកំណប់ព្រះធម៌របស់ព្រះពុទ្ធសាសនាខ្មែរ ហើយក៏ជាកំណប់វប្បធម៌ខាងផ្នែកបោះពុម្ពរបស់ជនជាតិខ្មែរផងដែរ ។ គម្ពីរព្រះត្រៃបិដកនឹងបានជាមូលដ្ឋានឱ្យអ្នកកាន់ព្រះពុទ្ធសាសនាក្នុងកម្ពុជរដ្ឋទាំងមូលនឹងមានសេចក្តីប្រតិបត្តិត្រូវផ្លូវគ្នា ព្រោះមានព្រះត្រៃបិដកនេះ ជាគ្រូប្រាប់ ខុសត្រូវ ជាគោលចារិកសម្រាប់អាងត្រូវតែបែបមួយ ហើយនឹងបានកំចាត់បង់នូវអស្មិមានះប្រកាន់ខុសថាជាត្រូវនោះចេញ។ ព្រះត្រៃបិដកនេះ ទុកជាប្រទីបជ្វាលាឆ្លុះបំភ្លឺអស់មហាជនឱ្យឃើញសេចក្តីខុសត្រូវ។ ព្រះត្រៃបិដកនេះ រាប់ថាជាឃ្លាំងអក្សរសាស្ត្ររបស់ជាតិយើងដោយពិត ដែលប្រទេសកម្ពុជាចាត់ការបោះពុម្ព ហើយនេះ ចែកជាភាគៗ ទាំងអស់មាន ១១០ ភាគ គឺព្រះវិនយបិដក ១៣ភាគ រៀងពីលេខ ១ ដល់លេខ ១៣ ព្រះសុត្តន្ដបិដកមាន ៦៤ភាគ រៀងពីលេខ ១៤ បន្ទាប់ពីវិនយបិដកទៅ រហូតដល់លេខ ៧៧ ឯព្រះអភិធម្មបិដកមាន ៣៤ ភាគ រៀងពីលេខ ៧៨ បន្ទាប់ពីព្រះសុត្តន្ដបិដកទៅ រហូតដល់លេខ ១១០។

ដើម្បីបន្តការងារបុព្វបុរសខ្មែរ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ព្រះធម្មវនវាសី ចន្ទមុនី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុហគណខេត្តកំពង់ឆ្នាំ ព្រះសង្ឃាធិបតីនិងជាព្រះចៅអធិការជំនាន់ទី១ វត្តចន្ទប្បជោត្តនារាម (វត្តតាសុត) បានផ្ញើសារអេឡិចត្រូនិចតាមបណ្តាញសង្គមចម្រើនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងខ្លឹមសារចម្រើនពរស្នើសុំគោលការណ៍ ដើម្បីរៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ និងរៀបចំពិធីបុណ្យខួបរំឭកគុណ អតីតក្រុមជំនុំព្រះត្រៃបិដក ដែលទទួលអនិច្ចធម្ម និងអនិច្ចទៅដោយជរាពាធក្តី ដោយរោគាពាធក្តី និងដោយត្រូវពួកខ្មែរក្រហមធ្វើគត់ក្តី។ គ្រានោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានពិតប្រគេនតប ព្រះធម្មវនវាសី ចន្ទមុនី វិញថា ករណីនេះ សូមព្រះតេជព្រះគុណធ្វើការជាមួយក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយក ។ អនុលោមតាមកម្មវត្ថុខាងលើ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធម្មការនិងសាសនា មានកិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយមានកាចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងនិមន្តចូលរួមពី សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី ៣ ព្រះរាជ តំណាងសម្តេចព្រះសង្ឃនាយក គណៈមហានិកាយ សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា សម្តេចមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធាន លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ ព្រះតេជព្រះគុណ ព្រះធម្មវនវាសី ចន្ទមុនី ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាមួយចំនួនទៀត និងមន្រ្តីជំនាញ ដើម្បីពិភាក្សាការរៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ ការរៀបចំការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ និងការរៀបចំបុណ្យខួបការប្រែព្រះត្រៃបិដក ។ស្មារតីរួមរបស់អង្គប្រជុំនាពេលនោះ សម្រេចឱ្យក្រសួងធម្មការនិងសាសនា ធ្វើលិខិតផ្លូវការ ស្នើសុំទៅទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈលិខិតលេខ ២៣៤/២៥ ក.ធ.ស. ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បី សុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ដើម្បីរៀបចំក្រុមជំនុំព្រះត្រៃបិដកខ្មែរឡើងវិញ។ ក្រោយពីមានចំណារដ៏ខ្ពស់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញលិខិតលេខ ៤០៨សជណ.អវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយមានខ្លឹមសារថា រាជរដ្ឋាភិបាល បានឃើញនិងឯកភាព ជាគោលការណ៍នូវការរៀបចំឡើងវិញនូវក្រុមព្រះត្រៃបិដក, ការរៀបចំពិធីសូធ្យគម្ពីរព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តង និងការរៀបចំពិធីបុណ្យខួបនៃការប្រែគម្ពីរព្រះត្រៃ បិដកខ្មែរ ។