ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងទិសដៅបង្ក្រាបបទល្មើស (Online Scams)
ព្រះសីហនុ៖ ព្រឹកថ្ងៃ ពុធ ទី២០ ខែឧសភា ឆ្នាំ 2026 នេះ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។
បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងពង្រឹងទិសដៅការងារ ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
(Online Scams) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
លោក មីន កុម្ភះ អភិបាលរងខេត្តបានគូសបញ្ជាក់ថា ការងារចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) តាមទីតាំងរស់នៅប្រមូលផ្តុំ (គិតចាប់ពីថ្ងៃទី២១ ខែមករា មកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦)
១.ខេត្តព្រះសីហនុ កាស៊ីណូទទួលបានអាជ្ញាបណ្ណចំនួន ៩៤ទីតាំង ក្នុងនោះ កាស៊ីណូដែលអាជ្ញាបណ្ណមានសុពលភាពចំនួន ៨១ទីតាំង គ្មានសុពលភាព ៤ទីតាំង និងត្រូវបានដកហូតអាជ្ញាបណ្ណ ៩ទីតាំង។ លទ្ធផលចុះត្រួតពិនិត្យ និងបង្ក្រាបដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលា ដំបូងខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធបានចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហលើទីតាំងកាស៊ីណូ ៩៤ទីតាំង ស្មើ ៣១៨អគារ។ លទ្ធផលទីតាំងចំនួន៣៦ ស្មើ ៩៥អគារ ក្រុមការងារមិនបានឃើញមានតម្រុយនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ ទីតាំងចំនួន៥៨ ស្មើ ២២៣អាគារ ក្រុមការងារបានសម្រេចបិទសៀល និងផ្តាច់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងអ៊ុនធើណែត។ ទីតាំងចំនួន១៦ រកឃើញមានពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មានមនុស្សសរុប ២ ០៧៤នាក់ ស្រី ២១៧នាក់ ស្មើនឹង ១៩សញ្ជាតិ។
២.យុទ្ធនាការផ្សព្វផ្សាយ(ការអនុវត្តអនុក្រឹត្យ ០៣អនក្រ.បក) ចុះត្រួតពិនិត្យចំនួន ១ ០២៣ទីតាំង ក្នុងនោះរកឃើញទីតាំងមានពាក់ព័ន្ធបទល្មើសចំនួន ៧៨ទីតាំង ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤៨ទីតាំង និងទីតាំងមានជនបរទេសរស់នៅមិនស្របច្បាប់ចំនួន ៣០ទីតាំង រកឃើញមនុស្សសរុបចំនួន ១ ២២៦នាក់ (ស្រី១៦៦នាក់) ស្មើនឹង ២០សញ្ជាត។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានាពេលកន្លងមក។
ទន្ទឹមនឹងលទ្ធផលទទួលបាន ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “សន្និសីទសារព័ត៌មានអន្តរជាតិ ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នឹងត្រូវរៀបចំឡើងនៅលើទឹកដីនៃខេត្តព្រះសីហនុ នាខែសីហា ខាងមុខនេះហើយ។
ដើម្បីលើកកម្ពស់មុខមាត់ សេចក្តីថ្លៃថ្នូរ និងធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាពពេញលេញជម្រុញដល់ការរៀបចំសន្និសីទអន្តរជាតិនេះ ឯកឧត្តមអភិបាលខេត្ត បាដាក់ចេញនូវវិធានការ និងការណែនាំមួយចំនួនដូចខាងក្រោម៖
ទី១. ពង្រឹងការបង្ក្រាបទ្វេដង៖ ត្រូវបន្តយុទ្ធនាការបង្ក្រាបបទល្មើសស្គេម (Scams) នេះជាបន្តបន្ទាប់ ដោយកាន់តែបង្កើនប្រសិទ្ធភាពការងារ និងភាពម៉ឺងម៉ាត់ខ្ពស់បំផុត ធ្វើយ៉ាងណា បោសសម្អាតឱ្យអស់មុនខែសីហា ឆ្នាំ២០២៦។
ទី២. អាជ្ញាធរមូលដ្ឋានត្រូវក្តាប់ព័ត៌មាន៖ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តសហការគ្នា តាមដាន និងពិនិត្យមូលដ្ឋានខ្លួនជាប់ជាប្រចាំ និងមិនត្រូវធ្វេសប្រហែសឡើយ ដើម្បីកំណត់គោលដៅ និងបង្ក្រាបឱ្យបានទាន់សភាពការណ៍។
ទី៣. សហការពិនិត្យអគារស្នាក់នៅ មន្ត្រីជំនាញត្រូវចុះសហការផ្ទាល់ជាមួយម្ចាស់អគារ ផ្ទះជួល ខុនដូ សណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់។
ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ ទាក់ទងនឹងការអនុវត្ត អនុក្រឹត្យលេខ ០៣ អនក្រ ប.ក របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ទីតាំងអាជីវកម្មទាំងអស់ថា ស្មារតីនៃអនុក្រឹត្យនេះត្រូវតែអនុវត្តជាប្រចាំ។ ប្រសិនបើពិនិត្យឃើញថាមានការជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ លើកទី១ អាជ្ញាធរនឹងធ្វើការអប់រំណែនាំ ប៉ុន្តែប្រសិនបើនៅតែបន្តមានកំហុសជាលើកទី២ គឺរដ្ឋបាលខេត្តនឹងវិធានការច្បាប់ «បិទទីតាំងអាជីវកម្មនោះចោលតែម្តង» ដោយគ្មានការលើកលែង ឬយោគយល់ឡើយ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមរបស់យើង៕
អត្ថបទ មន សូត្រ
ថតដោយ អ៊ូ ជោត



