យានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន ៥គ្រឿង នៅខេត្តស្វាយរៀង ព្រៃវែង កំពង់ឆ្នាំង កណ្ដាល ត្រូវបានក្រុមចល័តក្រសួងចុះឆ្មក់ត្រួតពិនិត្យ និងពិន័យ
ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ឯកឧត្តម គឹម សាន់ អនុប្រធានក្រុមការងារ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចល័តចម្រុះ សហការជាមួយមន្រ្តីស្ថានីយជញ្ជីងព្រែកស្តី បានចុះត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន២គ្រឿង និងនៅឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ចំនួន១គ្រឿង ខេត្តស្វាយរៀង ចំនួន១គ្រឿង និងខេត្តកណ្ដាល ចំនួន១គ្រឿង បានត្រួតពិនិត្យយានយន្តចំនួន ៥គ្រឿង លើសទម្ងន់អនុញ្ញាតចន្លោះពី ៥តោន ដល់ ២៥តោន។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ៕



